លោក Felix មានទំនុកចិត្តថាកូនក្រុមនឹងបង្ហាញនូវទម្រង់លេងនៅក្នុងកម្រិតដ៏ខ្ពស់

មាស សុផាណារ៉ុង March 21, 2019


 

ភ្នំពេញ៖ គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ លោក Felix G.Dalmas មានទំនុកចិត្តថាកូនក្រុមនឹងបង្ហាញនូវទម្រង់លេងនៅក្នុងកម្រិតដ៏ខ្ពស់ សម្រាប់ព្រឹត្តិការណ៍ជើងឯកយុវជនប្រចាំទ្វីបអាស៊ីអាយុក្រោម២៣ឆ្នាំ វគ្គជម្រុះ ឆ្នាំ២០២០ ( 2020 AFC U-23 Championship qualification )។

ការថ្លែងបែបនេះ គឺនៅក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតពានរង្វាន់ដដែលខាងលើនេះកាលពីព្រឹកថ្ងៃទី២១ ខែមីនា នេះនៅចំពោះមុខគ្រូបង្វឹកនៃក្រុម U-23 ផ្សេងទៀត កូរ៉េខាងត្បូងអូស្ត្រាលី និង ឆាយនីសតៃប៊ិ។

ទំនុកចិត្តដែលគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន ហ៊ានអះអាងបែបនេះបន្ទាប់ពីការបង្ហាញនូវទម្រង់លេងដ៏ល្អរបស់កូនក្រុមក្នុងព្រឹត្តិការណ៍កន្លងមក បូកផ្សំជាមួយការរៀបចំក្រុមជាយូរមកហើយ។ «សម្រាប់យើងមិនមានបញ្ហាច្រើនឡើយ យើងព្យាយាមធ្វើឲ្យបានល្អ គ្រប់ការប្រកួត និងភាពរីកចម្រើន ហើយមានគម្លាតកាន់តែជិតទៅនឹងក្រុមខ្លាំងៗ។ យើងក៏បានរៀបចំក្រុមជាយូរមកហើយ កាលពីខែមុន ដូច្នេះយើងមានទំនុកចិត្តថាយើងនឹងរៀបចំបានល្អ និងបង្ហាញនូវទម្រង់លេងនៅក្នុងកម្រិតដ៏ខ្ពស់។» សម្ដីទាំងស្រុងរបស់ លោក Felix G.Dalmas។

លោក Felix Dalmas ក៏បានលើកឡើងផងដែរថាជុំវិញពានរង្វាន់ ជាមួយនឹងភាពរីករាយក្នុងការប្រកួតទល់នឹងក្រុមខ្លាំងៗ ជាពិសេសនូវការបង្ហាញពីភាពរីកចម្រើនរបស់ក្រុមកាលពីពេលកន្លងមក។

សូមបញ្ជាក់ថា ការប្រកួតបើកឆាកនៃពានរង្វាន់ដដែលនេះ U-23 កម្ពុជា នឹងត្រូវប្រកួតជាមួយ U-23 អូស្ត្រាលី នៅវេលាម៉ោង ៨:០០ នាទីយប់ លើវាលស្មៅសិប្បន្មិមិត្តពហុកីឡដ្ឋានជាតិ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់