គ្រូអូស្ត្រាលី និងកូរ៉េ ថាមិនមានបញ្ហាប្រឈម ស្របពេលគ្រូឆាយនីសតៃប៊ិ បារម្ភបញ្ហាអាកាសធាតុ

មាស សុផាណារ៉ុង March 21, 2019


 

ភ្នំពេញ៖ ប្រកួតពានរង្វាន់ជើងឯកយុវជនប្រចាំទ្វីបអាស៊ីអាយុក្រោម២៣ឆ្នាំ វគ្គជម្រុះ ឆ្នាំ២០២០ ( 2020 AFC U-23 Championship qualification ) វគ្គជម្រុះនឹងចាប់ផ្ដើមនៅថ្ងៃសុក្រ ទី២២ មីនា ស្អែកនេះសម្រាប់ពូល H ស្របពេលដែលមុនការប្រកួតមកដល់គ្រូបង្វឹកទាំង៤ សុទ្ធតែមានយោបល់រៀងៗខ្លួននៅក្នុងសន្និសីទសារព័ត៌មាន។

ពូល H នេះមានម្ចាស់ផ្ទះកម្ពុជា អូស្ត្រាលី, កូរ៉ខាងត្បូង និងឆាយនីសតៃប៊ិ ខណៈគ្រូបង្វឹកទាំង៤ រូបបានលើកឡើង ដោយភ្ជាប់ជាមួយនឹងការប្រកួតនេះ គ្រូអូស្ត្រាលី និងកូរ៉េ ថាមិនមានបញ្ហាប្រឈម ស្របពេលគ្រូឆាយនីសតៃប៊ិ បារម្ភបញ្ហាអាកាសធាតុ ខណៈគ្រូកម្ពុជា រីករាយក្នុងការប្រកួតជាមួយក្រុមខ្លាំងៗ និងបង្ហាញនូវភាពរីកចម្រើរបស់ក្រុម។

គ្រូបង្វឹកអូស្រ្តាលី លោក Graham James Arnold៖ «ពិតណាស់ យើងមិនមានបញ្ហាប្រឈមឡើយ យើងមកជាមួយកីឡាករ២៣នាក់ ជាកីឡាករដែលខ្លាំង និងរួចរាល់សម្រាប់ការប្រកួតថ្ងៃស្អែក យើងបានចំណាយពេល១សប្ដាហ៍នៅម៉ាឡេស៊ី ដើម្បីរៀបចំសម្រាប់ព្រឹត្តិការណ៍នេះ ហើយយើងត្រៀមខ្លួនរួចហើយសម្រាប់ពានរង្វាន់នេះ។»

គ្រូបង្វឹកកូរ៉េខាងត្បូង លោក Kim Hak-bum៖ «សម្រាប់ក្រុមយើង យើងមានការរៀបចំបានយ៉ាងល្អក្នុងព្រឹត្តិការណ៍នេះ យើងមិនមានបញ្ហាអ្វីប្រឈមឡើយ ដូច្នេះអ្វីដែលយើងផ្ដោតអារម្មណ៍សំខាន់បំផុតគឺមិនឲ្យមានកីឡាកររបួស។»

គ្រូបង្វឹកឆាយនីសតៃប៊ិ លោក Canhun Von «សម្រាប់យើង អាកាសធាតុគឺជាបញ្ហាប្រឈមដ៏ចំបងរបស់យើង នេះគឺជាលើកដំបូង។ សម្រាប់ខ្ញុំ កីឡាករភាគច្រើនគឺជាសិស្សនៃសកលវិទ្យាល័យ និងពួកគេធ្លាប់ ភាគច្រើនពីយុវជនអាយុក្រោម១៩ឆ្នាំ ដែលខ្ញុំធ្លាប់ដឹកនាំ U-19 ផងដែរ ហើយយើងសង្ឃឹមថាព្រឹត្តិការណ៍នេះនឹងនាំមកនូវបទពិសោធន៍កាន់តែអស្ចារ្យ ក្នុងការប្រកួតប្រជែងជាមួយក្រុមកំពូលៗ។»

ដោយឡែកគ្រូកម្ពុជា លោក Felix Dalmas វិញក៏បានលើកឡើងផងដែរថា៖ «យើងពិតជារីករាយដែលបានប្រកួតជាមួយក្រុមខ្លាំងៗ ហើយក៏រីករាយដើម្បីបង្ហាញនូវភាពរីកចម្រើនរបស់យើង កាលពីព្រឹត្តិការណ៍មុនៗ ហើយពិតណាស់ ខ្ញុំពិតជារីករាយ រីករាយ និងរំភើបដើម្បីត្រៀមប្រកួតនៅថ្ងៃស្អែក។»

សូមរំលឹកថា ការប្រកួតក្នុងព្រឹត្តិការណ៍ខាងលើ ដែលកម្ពុជា ត្រូវទទួលធ្វើជាម្ចាសផ្ទះរៀបចំការប្រកួតនេះ គឺគ្រោងនឹងធ្វើឡើងនៅពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ សម្រាប់ពូល H ជាមួយប្រទេសចំនួន ៣ផ្សេងទៀត រួមមាន កូរ៉េខាងត្បូងអូស្ត្រាលី និង ឆាយនីសតៃប៊ិ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់