ខ្សែប្រយុទ្ធ ជា វេសលី របស់បឹងកេត ត្រូវបានកោះហៅចូល U-23 កម្ពុជា ជំនួសមិត្តរួមក្រុម

មាស សុផាណារ៉ុង March 21, 2019


 

ភ្នំពេញ៖ កីឡាករវ័យក្មេងរបស់ក្លឹបបាល់ទាត់បឹងកេត ជា វេសលី ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ( ស.ប.ក ) កោះហៅចូលរួមក្នុងក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ ដើម្បីចូលរួមប្រកួតពានរង្វាន់ជើងឯកយុវជនប្រចាំទ្វីបអាស៊ីអាយុក្រោម២៣ឆ្នាំ វគ្គជម្រុះ ឆ្នាំ២០២០ ( 2020 AFC U-23 Championship qualification )។

សម្រាប់ការកោះហៅ ជា វេសលី ត្រូវបានដឹងថាគឺចូលមកជំនួសតំណែងមិត្តរួមក្រុមខ្សែការពារ លី វ៉ាហេទ ដែលទទួលរងរបួសតាំងពីក្នុងជំនួបមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំជាមួយ ជម្រើសជាតិកម្ពុជា ប្រកួតទល់នឹង ជម្រើសជាតិបង់ក្លាដេស តាំងពីដើមខែមីនា មកម្លេះ នេះបើយោងតាមការបញ្ជាក់នៅលើវិបសាយផ្លូវការផ្លូវការរបស់ បឹងកេត នាព្រឹកថ្ងៃទី២១ នេះ។

ដូច្នេះ ជា វេសលី នឹងរួមដំណើរជាមួយកីឡាករចំនួន ២២នាក់ផ្សេងទៀតដែលមានឈ្មោះក្នុងបញ្ជី ២៣នាក់ចុងក្រោយដែលសហព័ន្ធប្រកាសកាលពីថ្ងៃទី១៥ ខែមីនា។

ជា វេសលី ជំនួស លី វ៉ាហេទ

សូមបញ្ជាក់ថា ការប្រកួតក្នុងព្រឹត្តិការណ៍ខាងលើ ដែលកម្ពុជា ត្រូវទទួលធ្វើជាម្ចាសផ្ទះរៀបចំការប្រកួតនេះ គឺគ្រោងនឹងធ្វើឡើងនៅពីថ្ងៃទី២២ ស្អែកនេះតទៅ រហូតដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ សម្រាប់វគ្គជម្រុះប្រចាំពូល H ជាមួយប្រទេសចំនួន ៣ផ្សេងទៀត រួមមាន កូរ៉េខាងត្បូងអូស្ត្រាលី និង ឆាយនីសតៃប៊ិ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់