ភ្នំពេញក្រោន នឹងប្រកាសឈ្មោះកីឡដ្ឋានថ្មី ព្រមទាំងបង្ហាញឯកសណ្ឋានរដូវកាល២០១៩ នៅថ្ងៃទី២៥ ខាងមុខ!

នូ មករា March 20, 2019


ភ្នំពេញ៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានប្រកាសឱ្យដឹងពីកម្មវិធីដ៏ធំមួយរបស់ខ្លួនដែលនឹងធ្វើឡើងនាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ខាងមុខនៅកីឡដ្ឋាន RSN ដោយក្នុងនោះនឹងមានការបង្ហាញឯកសណ្ឋានប្រចាំរដូវកាល២០១៩ រួមជាមួយនឹងការប្រកាសជាផ្លូវការនូវឈ្មោះថ្មីនៃកីឡដ្ឋានបច្ចុប្បន្នរបស់ខ្លួន ព្រមជាមួយនឹងការប្រគុំតន្ត្រីជាមួយនឹងឆាកដ៏ធំថែមទៀត។

តាមការបញ្ជាក់ពីក្រុមការងារព័ត៌មានរបស់ក្លឹបបានឱ្យដឹងថា នៅក្នុងកម្មវិធីនេះនឹងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំវិស័យកីឡានៅកម្ពុជា រួមជាមួយសមាជិកក្លឹប ខណៈដែលអ្នកសាធារណជនទូទៅក៏អាចចូលរួមបានដោយសេរីផងដែរ។ តាមការបញ្ជាក់ កម្មវិធីនេះនឹងចាប់ផ្តើមពីម៉ោង ៥.៣០នាទីល្ងាចដោយនឹងមានការប្រគុំតន្ត្រីដោយក្រុមក្មេងខ្មែរ និងលោក MC Bull រួមជាមួយការរាំកម្សាន្តតាមចង្វាក់ភ្លេង (EDM) ថែមទៀតផង។ ក្នុងនោះដែរ ក្លឹបក៏នឹងបើកទទួលការចុះឈ្មោះតាមអនឡាញឆាប់ៗនេះសម្រាប់ប្រភេទភ្ញៀវ VIP ដើម្បីរៀបចំផ្តល់ជូនអាហារសម្រន់ និងភេសជ្ជៈ។

គួររំលឹកថា កាលពីឆ្នាំ២០១៥ កន្លងទៅ ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានសាងសង់កីឡដ្ឋានដ៏ប្រណិតមួយដើម្បីធ្វើជាមូលដ្ឋានរបស់ខ្លួនដែលមានទីតាំងស្ថិតនៅលើផ្លូវលេខ១៨០០ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ កីឡដ្ឋាននេះមានទីលានស្មៅធម្មជាតិ និងអាចផ្ទុកអ្នកទស្សនាបានចំនួន ៥០០០នាក់ ហើយមានឈ្មោះថា “កីឡដ្ឋាន RSN ឬ RSN Stadium” ដែលជាអក្សរកាត់ជាភាសាអង់គ្លេសមកពីឈ្មោះរបស់ប្រធានក្លឹបគឺ លោកឧកញ៉ា ឬទ្ធី សំណាង (Rithy Sam Nang) ផ្ទាល់ដើម្បីជាកិត្តិយសចំពោះការលះបង់របស់លោកក្នុងបេសកកម្មដឹកនាំ និងអភិវឌ្ឍន៍ក្លឹបបាល់ទាត់ដ៏ធំមួយនេះ ដោយលោកឧកញ៉ាបានចំណាយធនធាន ពេលវេលា ក៏ដូចជាការយកចិត្តទុកដាក់មិនស្រកស្រុតគិតចាប់តាំងពីដែលលោកបានចូលមកដឹកនាំក្លឹបភ្នំពេញក្រោនកាលពីអំឡុងឆ្នាំ២០០៨ មកនោះ។

យ៉ាងណាក៏ដោយ នាពេលឆាប់ៗនេះកីឡដ្ឋាន RSN នឹងត្រូវប្តូរឈ្មោះថ្មីបន្ទាប់ពីទទួលបានការទិញសិទ្ធិលើឈ្មោះកីឡដ្ឋាននេះពីក្រុមហ៊ុនដ៏ធំមួយរួចមកដោយពិធីប្រកាសនឹងធ្វើជាផ្លូុវការនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ខាងមុខ៕
អត្ថបទ៖ មករា

មតិយោបល់