គ្រូ U-23 កូរ៉េខាងត្បូង រៀបគម្រោងបំបែកក្រុមជា២ ពេលប្រកួតជាមួយ ឆាយនីសតៃប៊ិ កម្ពុជា និងអូស្ត្រាលី

មាស សុផាណារ៉ុង March 20, 2019


 

ភ្នំពេញ៖ ការប្រកួតពានរង្វាន់ជើងឯកយុវជនប្រចាំទ្វីបអាស៊ីអាយុក្រោម២៣ឆ្នាំ វគ្គជម្រុះប្រចាំពូល H សម្រាប់ឆ្នាំ២០២០ ( 2020 AFC U-23 Championship qualification ) នឹងចាប់ផ្ដើមនៅចុសប្ដាហ៍នេះ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ពានរង្វាន់ដដែលនេះមានប្រទេសចំនួន ៤ចូលរួមប្រកួតរួមមាន ម្ចាស់ផ្ទះកម្ពុជា កូរ៉េខាងត្បូងអូស្ត្រាលី និងឆាយនីសតៃប៊ិ ស្របពេលដែលមុនការប្រកួតមកដល់ គ្រូ U-23 កូរ៉េខាងត្បូង លោក Kim Hak-bum ថានឹងបំបែកក្រុមជា២ ពេលប្រកួតជាមួយក្រុមទាំង ៣នេះ។

ដើម្បីកៅអីទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ( 2020 Summer Olympic ) ដែលជប៉ុនធ្វើម្ចាស់ផ្ទះ នៅពាក់កណ្ដាលឆ្នាំ២០២០ ក្រុមនេះត្រូវឆ្លងកាត់ប្រកួតជម្រុះនេះជាមុនសិន មុននឹងបន្តទៅប្រកួតជុំចុងក្រោយនៅថៃ នាដើមឆ្នាំ២០២០​ ក្រុមដែលមានរហស្សនាមថា ខ្លាអាស៊ី មួយនេះបានបោះជំរំហ្វឹកហាត់នៅប្រទេសថៃ ចំនួន ៤សប្ដាហ៍ផងដែរ។ ជាមួយនឹងការបោះជំរំហ្វឹកហាត់ធ្វើឲ្យគ្រូបង្វឹកសញ្ជាតិកូរ៉ខាងត្បូងមួយនេះ បានរកឃើញការបំបែកក្រុមចេញជា ២ឈុត។

លោក Kim Hak-bum គ្រូបង្វឹកនៃ U-23 កូរ៉េខាងត្បូងបានលើកឡើងថា៖ «យើងលេង ៣ប្រកួតក្នុងចន្លោះពេល ៦ថ្ងៃ ហើយខ្ញុំគិតថាវានឹងពិបាកណាស់បើគ្មានការផ្លាស់ប្ដូរ។ ខ្ញុំបានបំបែកក្រុមជា ២។ ការបំបែកត្រូវបានធ្វើត្រូវឡើងនៅប្រទេសថៃ ប៉ុន្តែវាច្បាស់ណាស់ថាជាបញ្ហាមួយនៅក្នុងលក្ខខណ្ឌកាយសម្បទា។ នៅកម្ពុជា ក្ដៅ ហើយប្រកួតលើស្មៅសិប្បនិម្មិត សីតុណ្ហភាព និងសំណើមខ្ពស់ណាស់។ ប្រសិនបើមិនមានការផ្លាស់ប្ដូរសមាសភាពកីឡាករទេ អ្នកមិនអាចប្រកួត ៣ប្រកួតបានទេ។ ខ្ញុំនឹងសម្រេចពីរបៀបនៃការផ្លាស់ប្ដូរនេះនៅពេលនោះ។» គ្រូបង្វឹកដដែលរូបនេះ បានបន្តថាអ្វីដែលជាបញ្ហាផ្សេងទៀត គឺការផ្ដោតអារម្មណ៍លើការប្រកួតទល់នឹងអូស្ត្រាលី។

សូមរំលឹកជាថ្មីថា ពានរង្វាន់ ( 2020 AFC U-23 Championship qualification ) ដែលកម្ពុជា ទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះសម្រាប់វគ្គជម្រុះពូល H  នឹងចាប់ផ្ដើមការប្រកួត ពីថ្ងៃទី២២-២៦ ខែមីនា ខាងមុខដោយមាន ៤ក្រុមចូលរួម រួមមាន U-23 កម្ពុជា ម្ចាស់ផ្ទះ និង៣ក្រុមផ្សេងទៀត U-23 កូរ៉េខាងត្បូងអូស្ត្រាលី និង ឆាយនីសតៃប៊ិ៕

 

ប្រភព និងរូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កូរ៉េខាងត្បូង – KFA

អត្ថបទ៖ ណារ៉ុង

មតិយោបល់