មិត្តរួមក្រុម Honda តែម្នាក់គត់រួមដំណើរជាមួយ U-23 អូស្ត្រាលី មកប្រកួតនៅកម្ពុជា

មាស សុផាណារ៉ុង March 20, 2019


 

ភ្នំពេញ៖ មិត្តរួមក្រុមរបស់អ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda តែម្នាក់គត់ នឹងត្រូវឡើងមកប្រកួតនៅកម្ពុជា ពានរង្វាន់ជើងឯកយុវជនប្រចាំទ្វីបអាស៊ីអាយុក្រោម២៣ឆ្នាំ វគ្គជម្រុះ ឆ្នាំ២០២០ ( 2020 AFC U-23 Championship qualification ) រួមដំណើរជាមួយ U-23 អូស្ត្រាលី ។

គ្រូបង្វឹកនៃក្រុមដែលមានរហស្សនាមថា កង់គូរូអូស្ត្រាលី លោក Graham James Arnold បានជ្រើសកីឡាករ ២៣នាក់ ដោយក្នុងចំណោមនោះមានម្នាក់គឺជាកីឡាករមកពីក្លឹប Melbourne Victory ដែលអ្នកចាត់ការទូទៅ Honda កំពុងប្រកបអាជីពជាមួយនៅលីគកំពូលអូស្ត្រាលីដូចគ្នា ពោលគឺកីឡាករ Thomas Deng ដែលមានវ័យ២១ឆ្នាំ និងបង្ហាញខ្លួនញឹកញាប់ផងដែរជាមួយក្លឹបដែលកំពុងឈរនៅលេខ ៣លីគ។

Thomas Deng គឺជាកីឡាករសញ្ជាតិកេនយ៉ា និងបានភៀសខ្លួនមករស់នៅប្រទេសអូស្ត្រាលី រហូតទទួលបានសញ្ជាតិនៅឆ្នាំ២០១៥។ ឆ្នាំ២០១៥ ក៏ត្រូវបានកោះហៅចូលជម្រើសជាតិអាយុក្រោម២០ឆ្នាំ រហូតដល់ឆ្នាំ២០១៨ ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិឈុតធំ និងបង្ហាញខ្លួនបាន ១ប្រកួតផងដែរ។

Honda ជាមួយ Thomas Deng នៅក្នុងក្លឹប Melbourne Victory

ក្រៅតែពីកីឡាករ Thomas Deng គ្រូបង្វឹកដដែលក៏បានសម្រេចបញ្ជីកីឡាករចុងក្រោយ មានភាគច្រើនមកក្លឹបប្រកបអាជីពនៅលីគក្នុងស្រុក លីគកំពូលអូស្ត្រាលី ( A-League ) និងអ្វីដែលគួរឲ្យចាប់អារម្មណ៍មួយចំនួនទៀតមកពីលីគក្រៅប្រទេស និងពីក្លឹបល្បីឈ្មោះនៅអ៊ឺរ៉ុបផងដែរ ដូចជាអង់គ្លេស យុវជនរបស់ Tottenham Hotspur ( កីឡាករ Tom Glover ) និងយុវជន Stoke City បច្ចុប្បន្នខ្ចីជើងទៅលីគទី៣អង់គ្លេស Fleetwood Town FC ( កីឡាករ Harry Souttar ), មកពីក្លឹប NAC Breda និង PEC Zwolle លីគកំពូលហូឡង់ និង Jong Ajax លីគទី២ហូឡង់ បូករួមជាមួយក្លឹបលីគទី៣ អ៊ីតាលី Renate ផងដែរ។

សូមបញ្ជាក់ថា ការប្រកួតក្នុងព្រឹត្តិការណ៍ខាងលើ ដែលកម្ពុជា ត្រូវទទួលធ្វើជាម្ចាសផ្ទះរៀបចំការប្រកួតនេះ គឺគ្រោងនឹងធ្វើឡើងនៅពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ សម្រាប់វគ្គជម្រុះពូល H ជាមួយប្រទេសចំនួន ៣ផ្សេងទៀតរួមមាន កូរ៉េខាងត្បូងអូស្ត្រាលី និងឆាយនីសតៃប៊ិ ការប្រកួតនេះគឺដើម្បីដណ្ដើមកៅអីទៅជុំផ្ដាច់ព្រ័ត្រ ដែលគ្រោងនឹងធ្វើនៅប្រទេសថៃ នាដើមឆ្នាំ២០២០ ខាងមុខ ក៏ដូចជាសម្រាប់ប្រជែងឱកាសបន្តទៀតទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ( 2020 Summer Olympic ) ដែលជប៉ុនធ្វើម្ចាស់ផ្ទះ នៅពាក់កណ្ដាលឆ្នាំ២០២០ នេះផងដែរ៕

 

រូបភាព៖ tenplay.com.au

អត្ថបទ៖ ណារ៉ុង

មតិយោបល់