គ្រូណាហ្គា ថាមិនអាចការពារជើងឯកបានឡើយ បើបន្ដលេងដូចប៉ះ អាស៊ីអឺរ៉ុប

មាស សុផាណារ៉ុង March 20, 2019


 

ភ្នំពេញ៖ ទោះបីក្រុមណាហ្គាវើល រកបាន ៣ពិន្ទុពេញពីការប្រកួតដំបូងនៃលីគកំពូលកម្ពុជា ឆ្នាំ២០១៩ ដោយយកឈ្នះក្រុមម្ចាស់ផ្ទះអាស៊ីអឺរ៉ុប ១-០ ប៉ុន្ដែគ្រូបង្វឹកលោក មាស ចាន់ណា មិនពេញចិត្ត ចំពោះការបញ្ចប់ទីរបស់កូនក្រុមឡើយ ហើយថែមទាំងនិយាយថា បើបន្ដលេងបែបនេះ ណាហ្គាវើល មិនអាចការពារតំណែងជើងឯកបានទៀតផង។

លោក មាស ចាន់ណា បានលើកឡើងថា ប៉ះអាស៊ីអឺរ៉ុប មិនគួរណាក្រុមលោករកបានត្រឹម ១គ្រាប់ឡើយ ត្បិតណាហ្គាវើល មានឱកាសច្រើនក្នុងការបញ្ចប់ទី តែធ្វើមិនបានសម្រេច។ លោកទទួលស្គាល់ថា ក្រុមខ្លួនពិតជាមានបញ្ហា និងខ្វះខាតច្រើនក្នុងការបញ្ចប់ទី ហើយបើរក្សាការលេងបែបនេះ វានឹងធ្វើឲ្យណាហ្គាវើលជួបការលំបាក ក្នុងការប្រជែងជើងឯក នារដូវកាលថ្មី។ លោកនិយាយថា «ទាក់ទងតាំងពីលេងជាមួយ Hanoi មក យើងអនុវត្តជាមួយទម្រង់ការពារ រហូតដល់ប៉ះ Yangon បានធ្វើឲ្យការការពារល្អប្រសើរ។ ប៉ុន្ដែពេលជួបអាស៊ីអឺរ៉ុប វាកើតជាបញ្ហានៅតំបន់ប្រយុទ្ធវិញ។ ដូច្នេះពាក់ព័ន្ធនឹងក្ដីរំពឹងរក្សាជើងឯក ខ្ញុំមិនទាន់និយាយបាន ព្រោះខ្ញុំកំពុងរង់ចាំមើលប្រកួតបន្ទាប់ទៀត តែបើពួកគាត់ នៅរក្សាការលេងកម្រិតហ្នឹង យើងអត់អាចរក្សាជើងឯកបានទេ»។

គួរបញ្ជាក់ថា ក្រោយរកបាន ៣ពិន្ទុក្រុមម្ចាស់ផ្ទះអាស៊ីអឺរ៉ុប ណាហ្គាវើល នឹងត្រូវធ្វើការធ្ងន់នាចុងខែមីនានេះ ដោយប្រឈមនឹងការប្រកួតសំខាន់ៗចំនួន ២ប្រកួត ក្នុងរយៈពេលត្រឹម ៤ថ្ងៃ ពោលគឺត្រូវជួបក្រុមក្រសួងការពារជាតិ ក្នុងសប្ដាហ៍ទី២ នៃលីគកំពូលកម្ពុជា នៅថ្ងៃទី៣០ ខែមីនា បន្ទាប់មកត្រូវជួបក្រុមសិង្ហបុរី Tampines Rovers ក្នុងជំនួបវគ្គជម្រុះពានរង្វាន់ AFC Cup 2019 ប្រចាំពូល F នាថ្ងៃទី០២ ខែមេសាខាងមុខ នៅពហុកីឡដ្ឋានជាតិ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់