បាន៣ពិន្ទុពីប៉ូលិស តែគ្រូបង្គោលព្រះខ័នរាជស្វាយរៀង ថាកូនក្រុមលេងល្អដោយពេល

មាស សុផាណារ៉ុង March 20, 2019


 

ភ្នំពេញ៖ លោក Conor Nestor គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង ហាក់មិនសូវពេញចិត្តចំពោះទម្រង់លេងរបស់កូនក្រុម សម្រាប់ប្រកួតបើករដូវកាលថ្មី នៃលីគកំពូលកម្ពុជានោះទេ ទោះបីបានយកឈ្នះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលិស) ២-០ ក៏ដោយ។

លោកបានអះអាងថា បើលេងដូច្នេះកាលពីរដូវកាលមុនវិញ ម្លោះមិនអាចយក ៣ពិន្ទុពីក្រុមប៉ូលិសបានឡើយ។ គ្រូបង្វឹកសញ្ជាតិអៀកឡង់រូបនេះ បានលើកឡើងថា «សម្រាប់ចំណាប់អារម្មណ៍ ជុំវិញការប្រកួតដំបូងនេះ ខ្ញុំយល់ថាបើសិនជារដូវកាលមុនយើងលេងបែបនេះ ប្រហែលជាអាចស្មើ ឬចាញ់ ដោយសារតែលេងល្អដោយពេល និងមានកំហុសជាច្រើន។ ប៉ុន្តែទន្ទឹមនឹងកំហុសជាច្រើនរបស់យើង ក៏គូប្រកួតមិនអាចបង្កើតឱកាសដ៏ល្អបានដែរ ដោយនេះគឺជាសញ្ញាវិជ្ជមានមួយសម្រាប់ក្រុមទាំងមូល។»

ការអះអាងបែបនេះ ដោយសារលោកឃើញកូនក្រុមលេងល្អដោយពេល ពិសេសការបញ្ជូនបាល់ទាត់ ពេលខ្លះយឺតពេក ហើយពេលខ្លះក៏លឿនពេក។ តែយ៉ាងណាលោកមិនបានបន្ទោសកូនក្រុមនោះទេ ព្រោះលោកចាត់ទុកនេះគឺជាការប្រកួតដំបូងនាដើមរដូវកាល រមែងមានការខ្វះខាត ដែលជារឿងធម្មតា ដូចទៅនឹងក្រុមដទៃដែរ។ មិនតែប៉ុណ្ណោះ លោកក៏បានសរសើរពីទម្រង់ការពាររបស់កូនក្រុម ដែលកាត់បន្ថយការដាក់សម្ពាធរបស់គូប្រជែងផងដែរ។

គួរបញ្ជាក់ថា បន្ទាប់ពីរកបាន ៣ពិន្ទុបើកឆាករដូវកាលថ្មី ក្នុងដីរបស់ខ្លួន ក្រុមព្រះខ័នរាជស្វាយរៀង នឹងចេញធ្វើសង្គ្រាមក្រៅដីវិញម្ដង ដោយត្រូវជួបក្រុមសូលទីឡូអង្គរ នាថ្ងៃទី៣១ ខែមីនាខាងមុខ នៅកីឡដ្ឋានខេត្តសៀមរាប ៕

 

រូបភាព៖ ព្រះខ័នរាជស្វាយរៀង – Preah Khan Reach Svay Rieng FC

អត្ថបទ៖ បុត្រា

មតិយោបល់