បញ្ជីឈ្មោះកីឡាករ U-23 ឆាយនីសតៃប៊ិ ភាគច្រើនជានិស្សិតពីសាកលវិទ្យាល័យ

មាស សុផាណារ៉ុង March 19, 2019


 

ភ្នំពេញ៖ ការប្រកួតពានរង្វាន់ជើងឯកយុវជនប្រចាំទ្វីបអាស៊ីអាយុក្រោម២៣ឆ្នាំ វគ្គជម្រុះ សម្រាប់ឆ្នាំ២០២០ ( 2020 AFC U-23 Championship qualification ) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ពូល H ត្រៀមទទួលក្រុម៣ រួមមាន កូរ៉េខាងត្បូងអូស្ត្រាលី និងឆាយនីសតៃប៊ិ គ្រោងនឹងចាប់ផ្ដើមនៅចុងសប្ដាហ៍នេះ។

ខណៈដែលការប្រកួតកាន់តែកៀកមកដល់ ក្រុមដែលរួមពូលជាមួយក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ U-23 កោះឆាយនីសតៃប៊ិ  ដែលត្រូវបានដឹងថាជាក្រុមចុងក្រោយគេ ធ្វើការកោះហៅ ក៏ដូចជាបង្ហាញឈ្មោះកីឡាករចំនួន ២៧នាក់  ដោយភាគច្រើនសុទ្ធសឹងតែជានិស្សិតពីសាកលវិទ្យាល័យនៅកោះឆាយនីសតៃប៊ិ ផ្ទាល់តែម្ដង និងមួយចំនួនតូចមានបទពិសោធន៍ខ្ពស់នៅអ៊ឺរ៉ុបផងដែរ។

កីឡាករទាំង ២៧រូបត្រូវបានគ្រូបង្វឹក លោក Tsai Shang-ming ជម្រុះចេញ ៤នាក់រួចរាល់ផងដែរ ប៉ុន្តែពុំត្រូវបានបង្ហាញឲ្យដឹងសមាសភាពកីឡាករដែលត្រូវជម្រុះចេញនោះឡើយ។

ក្រុមនេះបានឆ្លងកាត់ការបោះជំរំហ្វឹកហាត់នៅប្រទេសវៀតណាម ចំនួន១សប្ដាហ៍ ក្នុងនោះក៏មានការប្រកួតកម្ដៅសាច់ដុំជាមួយ U-23 វៀតណាម និងក្លឹបលេងនៅលីគលំដាប់ទី២ វៀតណាមផងដែរ។ ជាលទ្ធផលក្រុមជម្រើសកោះឆាយនីសតៃប៊ិ អាយុក្រោម២៣ឆ្នាំ ស្មើជាមួយក្លឹប Phu Dong FC ០ទល់០ និងចាញ់ U23 វៀតណាម ៦ទល់១។

សូមរំលឹកថា ការប្រកួតក្នុងព្រឹត្តិការណ៍ខាងលើ ដែលកម្ពុជា ត្រូវទទួលធ្វើជាម្ចាសផ្ទះរៀបចំការប្រកួតនេះ គឺគ្រោងនឹងធ្វើឡើងនៅពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ សម្រាប់ពូល H ជាមួយប្រទេសចំនួន ៣ផ្សេងទៀត រួមមាន កូរ៉េខាងត្បូងអូស្ត្រាលី និង ឆាយនីសតៃប៊ិ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់ឆាយនីសតៃប៊ិ / ctfa

អត្ថបទ៖ ណារ៉ុង

មតិយោបល់