លោក ហុក សុជីវ័ន ថាប្រព័ន្ធការពារធ្វើបានល្អ ស្របពេលប្រព័ន្ធប្រយុទ្ធនៅខ្វះខាត

មាស សុផាណារ៉ុង March 18, 2019


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់វិសាខា បានប្រកួតស្មើជាមួយ ក្លឹបបាល់ទាត់សូលទីឡូអង្គរ ក្នុងជំនួបបើករដូវកាល២០១៩ នៃលីគកំពូលកម្ពុជា នៅលើទឹកដីរបស់ខ្លួន ស្របពេលបានត្រឹមលទ្ធផលស្មើ លោក ហុក សុជីវ័ន ដែលជាគ្រូបង្វឹកវិសាខា ថាប្រព័ន្ធការពារធ្វើបានល្អ ស្របពេលប្រព័ន្ធប្រយុទ្ធនៅខ្វះខាត។

«ពាក់ព័ន្ធនឹងទម្រង់នៃការការពាររបស់យើង យើងធ្វើបានល្អច្រើន សឹងតែច្រើន ប៉ុន្តែអ្វីដែលយើងមិនសូវស៊ីចង្វាក់គ្នាគឺនៅតំបន់ប្រយុទ្ធយើង យើងនៅស្ទើរនៅឡើយ ពេលខ្លះគាត់ធ្វើបានប៉ុន្តែការសម្រេចទីចុងក្រោយ វាមិនបានដូចអ្វីដែលយើងចង់បាន។» សម្ដីរបស់ លោក ហុក សុជីវ័ន ក្នុងកិច្ចសម្ភាសន៍ក្រោយចប់ការប្រកួត។

គ្រូបង្វឹកវ័យ ៣៩ឆ្នាំដដែលរូបនេះ បាននិយាយជុំវិញការប្រកួតយ៉ាងដូច្នេះថា៖ «អ្វីដែលយើងរៀបចំយើងធ្វើបានច្រើន ប៉ុន្តែអ្វីទាំងអស់នេះពាក់ព័ន្ធនឹងការលេងនៅលើទីលានដោយភាពជាក់ស្ដែង យើងព្យាយាមធ្វើបានច្រើន ប៉ុន្តែអ្វីដែលយើងធ្វើនោះវាមិនជោគជ័យនៅតាមអ្វី ពេលខ្លះក៏ផ្ដោតលើការរៀបចំ ហើយនឹងសំណាងនាំមកដែរ យើងនឹងព្យាយាមពង្រឹងបន្ថែមនៅប្រកួតក្រោយឲ្យការលេងស៊ីចង្វាក់គ្នាទៅមុខបន្តិចទៀត។»

លទ្ធផលស្មើនេះ បច្ចុប្បន្នវិសាខា កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៨ មាន១ពិន្ទុក្នុងដៃ ស្របពេលប្រកួតបន្ទាប់ត្រូវប៉ះ គិរីវង់សុខសែនជ័យ លើទឹកដីរបស់ខ្លួនសារជាថ្មី៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់