U-23 កម្ពុជា ចាប់ផ្ដើមចូលជំរំហ្វឹកហាត់នៅថ្ងៃនេះ ត្រៀមពាន AFC U-23 វគ្គជម្រុះ

មាស សុផាណារ៉ុង March 18, 2019


 

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ នឹងចាប់ផ្ដើមធ្វើការប្រមូលផ្ដុំហ្វឹកហាត់ជាលើកដំបូង នៅល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នេះដើម្បីត្រៀមខ្លួនប្រកួតក្នុងពានរង្វាន់ជើងឯកយុវជនប្រចាំទ្វីបអាស៊ីអាយុក្រោម២៣ឆ្នាំ វគ្គជម្រុះ សម្រាប់ឆ្នាំ២០២០ ( 2020 AFC U-23 Championship qualification ) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ពូល H ចុងខែនេះ។

តាមការបង្ហើបឲ្យដឹងពីមន្ត្រីរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ការហ្វឹកហាត់នឹងធ្វើឡើងនៅវេលាល្ងាច ស្របពេលដែលទីតាំងទំនងជានៅពហុកីឡដ្ឋានជាតិច្រើនជាងគេ ត្បិតកីឡដ្ឋាននេះជាទីតាំងប្រកួតដ៏ចាំបាច់សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ធំកម្រិតទី២ ប្រចាំទ្វីបអាស៊ីមួយនេះ។

ក្រោមការដឹកនាំរបស់ លោក Felix Dalmas នៅថ្ងៃដំបូងជាមួយនឹងសមាសភាពកីឡាករចំនួន ២៣នាក់ដែលសុទ្ធសឹងជាយុវជនដែលបានប្រកួតក្នុងពានយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម២២ឆ្នាំ ( AFF U22 LG Cup 2019 ) ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះកាលពីពាក់កណ្ដាលខែកុម្ភៈ ដ៏ដូចជា ជាមួយក្រុមជម្រើសជាតិឈុតធំ ប្រកួតមិត្តភាពទល់នឹង បង់ក្លាដេស ផងដែរ។

ការប្រកួតក្នុងព្រឹត្តិការណ៍ខាងលើ ដែលកម្ពុជា ត្រូវទទួលធ្វើជាម្ចាសផ្ទះរៀបចំការប្រកួតនេះ គឺគ្រោងនឹងធ្វើឡើងនៅពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ សម្រាប់ពូល H ជាមួយប្រទេសចំនួន ៣ផ្សេងទៀត រួមមាន កូរ៉េខាងត្បូងអូស្ត្រាលី និង ឆាយនីសតៃប៊ិ។

ការប្រកួតនេះគឺដើម្បីដណ្ដើមកៅអីទៅជុំផ្ដាច់ព្រ័ត្រ ដែលគ្រោងនឹងធ្វើនៅប្រទេសថៃ នាដើមឆ្នាំ២០២០ ខាងមុខ ក៏ដូចជាសម្រាប់ប្រជែងឱកាសបន្តទៀតទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ( 2020 Summer Olympic ) ដែលជប៉ុនធ្វើម្ចាស់ផ្ទះ នៅពាក់កណ្ដាលឆ្នាំ២០២០ នេះផងដែរ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់