លោក Leonardo ប្រាប់កូនក្រុមថាការប្រកួតទល់នឹងបឹងកេត មិនមែនជាការសម្រេចម្ចាស់ពានលីគនោះទេ

មាស សុផាណារ៉ុង March 15, 2019


 

ភ្នំពេញ៖ លោក Leonardo Victorino គ្រូបង្វឹកក្លឹបបាល់ទាត់ភ្នំពេញក្រោន បានប្រាប់កីឡាករក្នុងជំនួបប្រកួតបើកឆាកលីគកំពូលកម្ពុជា រដូវកាលថ្មី ជាមួយបឹងកេត មិនមែនជាការសម្រេចម្ចាស់ពានរង្វាន់លីគកំពូលនោះទេ។ នេះបើយោងតាមសម្ដីរបស់លោកក្នុងកិច្ចសម្ភាសន៍ជាមួយក្លឹប។

គ្រូបង្វឹកសញ្ជាតិប្រេស៊ីលរូបនេះបានបង្ហើបថានេះជាលើកដំបូងដែលក្លឹបទើបតែបានហ្វឹកហាត់ជុំគ្នា ខណៈកីឡាករភាគច្រើនត្រូវបានកោះហៅចូលក្រុមជម្រើសជាតិ និងខ្លះទៀតទទួលរងរបួស «នេះជាសប្តាហ៍ទីមួយហើយដែលក្រុមរបស់យើងបានធ្វើការហ្វឹកហាត់ជុំគ្នា ព្រោះពួកគេមួយចំនួនជាប់បំពេញបេសកកម្មជាមួយក្រុមជម្រើសជាតិ និងមួយចំនួនទៀតមានបញ្ហារបួស។ សប្តាហ៍នេះពួកយើងចាប់ផ្តើមរៀបចំក្រុម និងកែប្រែចំនុចមួយចំនួនដើម្បីត្រៀមការប្រកួតបើកឆាកនេះ ហើយខ្ញុំសង្ឃឹមថាពួកយើងនឹងបង្ហាញទម្រង់លេងបានល្អចំពោះអ្នកគាំទ្រ។» សម្ដីលោក Leo ទាំងស្រុង។

អតីតគ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជារូបនេះបានបន្តទៀតផងដែរជុំវិញការប្រកួតថ្ងៃស្អែកថា៖ «ខ្ញុំបានប្រាប់កីឡាកររបស់ខ្ញុំថា ការប្រកួតនេះមិនមែនជាការសម្រេចថាអ្នកណាជាម្ចាស់ពានរង្វាន់លីគកំពូលនោះទេ ប៉ុន្តែយើងត្រូវតែលេងឲ្យបានល្អបំផុត ព្រោះនៅពេលដែលយើងមានទម្រង់លេងល្អ យើងនឹងឈ្នះការប្រកួតនេះជាក់ជាមិនខាន ហើយសម្រាប់គោលដៅរបស់យើងគឺឈ្នះពានរង្វាន់លីគកំពូលកម្ពុជាពេលចប់រដូវកាល។» 

គួរបញ្ជាក់ថា ភ្នំពេញក្រោន នឹងត្រូវបើកទ្វារកីឡដ្ឋាន RSN ទទួលក្រុមបឹងកេត នាវេលាម៉ោង ៦ល្ងាច ថ្ងៃទី១៦ ខែមីនាស្អែកនេះ។ កាលពីរដូវកាលមុន ជួបគ្នា ២ជើង ក្រុមទាំងពីរ បានទទួលជ័យជម្នះម្ដងម្នាក់ ពោលគឺជើងទី១ ប្រកួតលើទឹកដីភ្នំពេញក្រោន គឺក្រុមបឹងកេត បានយកឈ្នះ ៣-២ តែដល់ពេលប្រកួតជើងទី២ លើទឹកដីបឹងកេតវិញ ក្រុមភ្នំពេញក្រោន បានយកឈ្នះ ២-១៕

 

ប្រភព៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោន

អត្ថបទ៖ បុត្រា

មតិយោបល់