Jonny Campbell: ខ្ញុំទុកសក់វែង ដើម្បីបរិច្ចាគធ្វើសក់សិប្បនិមិត្តដល់អ្នកជំងឺមហារីក

នូ មករា March 16, 2019


 

ភ្នំពេញ៖ កីឡាករបាល់ទាត់ជនជាតិអាម៉េរិគ Jonny Campbell ដែលបានចំណាយពេលមួយរដូវកាលឆ្នាំ២០១៨កន្លងមកដើម្បីប្រកបអាជីពនៅលីគកំពូលកម្ពុជានោះ បានឱ្យដឹងថា រូបគេពិតជាចូលចិត្តប្រទេសកម្ពុជា ពិសេសជនជាតិខ្មែរមានភាពរួសរាយ និងចាត់ទុករូបគេដូចជាបងប្អូនដូច្នេះដែរ ។ ជាងនេះទៅទៀត ក្រៅពីផ្តោតចិត្តលើទីលានហើយនោះ រូបគេក៏បានបង្ហើបឱ្យដឹងពីអាថ៌កំបាំងមួយពាក់ព័ន្ធនឹងការនិយមទុកសក់វែងដែលមហាជនមួយចំនួនមិនសូវជាចាប់អារម្មណ៍នោះឡើយ។

សមាជិកក្រុមព្រះខ័នរាជស្វាយរៀងរូបនេះបានបញ្ជាក់ថា៖ “ខ្ញុំបានផ្តើមទុកសក់វែង ដោយសារហេតុផលមួយគឺដើម្បីបរិច្ចាគដល់អ្នកជំងឺមហារីក ដែលត្រូវការវា ហេតុនេះខ្ញុំតែងតែកាត់សក់រាល់ពេលត្រលប់ទៅអាម៉េរិគវិញបន្ទាប់មករក្សាវាទុកដើម្បីផ្តល់ដល់អង្គការនានា សម្រាប់យកទៅកែច្នៃជាសក់សិប្បនិមិត្តសម្រាប់ក្មេងៗដែលកើតជំងឺមហារីកដូច្នេះហើយទើបខ្ញុំទុកសក់វែងរហូតមក!”

ជាមួយនឹងមនោសញ្ចេតនា យ៉ាងជ្រាលជ្រៅនោះ Jonny Campbell  បានបន្ថែមថា ការបរិច្ចាគនេះគឺជាសកម្មភាពតូចមួយក្នុងន័យមនុស្សធម៌ដែលរូបគេបានធ្វើជាច្រើនឆ្នាំមកហើយ ក្រោមការណែនាំដោយលោកយាយ និងឳពុករបស់គេផ្ទាល់ ស្របពេលដែលកីឡាករវ័យ ២៧ឆ្នាំរូបនេះបានលើកឡើងថា៖ “ខ្ញុំធ្លាប់ឆ្លងកាត់ជីវិតមួយដែលលំបាក ដូច្នេះខ្ញុំដឹងថា ការចែករំលែកគឺជាអ្វីដែលមនុស្សម្នាក់ៗគួរធ្វើចំពោះអ្នកដទៃដែលមិនលទ្ធភាពដូចយើងនោះ!”

 

អត្ថបទ៖ មករា

មតិយោបល់