លោក ប្រាក់ សុវណ្ណារ៉ា៖ ស្វាយរៀង មានលទ្ធភាពច្រើនក្នុងជំនួបទល់ប៉ូលីស ចុងសប្ដាហ៍នេះ

មាស សុផាណារ៉ុង March 15, 2019


 

ភ្នំពេញ៖ លោក ប្រាក់ សុវណ្ណារ៉ា អ្នកចាត់ការទូទៅក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលិស) បានលើកឡើងថា សម្រាប់ការប្រកួតសប្ដាហ៍ដំបូង នៃលីគកំពូលកម្ពុជា ជាមួយក្រុមព្រះខ័នរាជស្វាយរៀងចុងសប្ដាហ៍នេះ មិនមែនជារឿងងាយស្រួលនោះទេ ព្រោះជាការប្រកួតក្រៅដី ដែលម្ចាស់ផ្ទះមានលទ្ធភាពច្រើនជាងខ្លួន។

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជារូបនេះ បានអះអាងថា បញ្ហាប្រឈមសំខាន់បំផុតរបស់ក្រុមប៉ូលិស សម្រាប់ប្រកួតសប្ដាហ៍ទី១ គឺការប្រកួតក្រៅដី ស្របពេលក្រុមនីមួយៗ សុទ្ធតែចង់ឈ្នះ ក្នុងការប្រកួតដំបូង។ ដូច្នេះក្នុងនាមជាម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង គឺមានលទ្ធភាពច្រើនជាងក្រុមខ្លួនក្នុងការប្រជែងយក ៣ពិន្ទុ នៃជំនួបបើកទំព័រលីគកំពូលកម្ពុជា ឆ្នាំ២០១៩។ ប៉ុន្ដែយ៉ាងណា លោក ប្រាក់ សុវណ្ណារ៉ា ក៏មិនព្រួយបារម្ភពេកដែរ គ្រាន់តែលោកមិនសូវរំពឹងខ្ពស់ប៉ុណ្ណោះ សម្រាប់ការប្រកួតជាមួយក្រុមព្រះខ័នរាជស្វាយរៀង។

លោកបានអះអាងថា ទោះបីប្រកួតដំបូងនេះ ប៉ូលិសត្រូវប្រកួតក្រៅដីក៏ពិតមែន តែក៏មិនបណ្ដោយឲ្យក្រុមម្ចាស់ផ្ទះលេងដោយងាយស្រួលដែរ ដោយលោកប្ដេជ្ញានឹងខិតខំធ្វើឲ្យបានល្អបំផុត ដើម្បីជំរុញកូនក្រុមស្វែងរកលទ្ធផលដ៏ល្អប្រសើរ។

ដោយឡែកលោក Conor Nestor គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានថ្លែងកាលពីពេលថ្មីៗថា លោកនៅតែគោរព ចំពោះការដឹកនាំរបស់លោក ប្រាក់ សុវណ្ណារ៉ា និងកីឡាកររបស់ប៉ូលិស ទោះបីព្រះខ័នរាជស្វាយរៀង ត្រូវការឈ្នះលើទឹកដីរបស់ខ្លួនក៏ដោយ។ សូមបញ្ជាក់ថា ចំពោះការប្រកួតរវាងក្រុមទាំងពីរ នឹងធ្វើឡើងនៅកីឡដ្ឋានខេត្តស្វាយរៀង នាវេលាម៉ោង ៦ល្ងាច ថ្ងៃទី១៧ ខែមីនាខាងមុខ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់