គ្រូបឹងកេតថា ប៉ះក្រោន គឺជាប្រកួតដ៏លំបាក ស្របពេលកូនក្រុមធ្វើមិនទាន់បានល្អ ១០០%

មាស សុផាណារ៉ុង March 15, 2019


 

ភ្នំពេញ៖ លោក ហៅ សុជាតិ គ្រូបង្វឹកក្រុមបឹងកេត បានចាត់ទុការប្រកួតបើកឆាកលីគកំពូលកម្ពុជា រដូវកាលថ្មី ជាមួយក្រុមម្ចាស់ផ្ទះភ្នំពេញក្រោនស្អែកនេះ គឺជាការប្រកួតដ៏តានតឹង និងលំបាកសម្រាប់ក្រុមខ្លួន ស្របពេលកីឡាកររបស់បឹងកេត ត្រៀមខ្លួនមិនទាន់បានល្អ ១០០% ដើម្បីទទួលការប្រកួតដ៏សំខាន់នេះនៅឡើយ។

គ្រូបង្វឹកកំពុងរៀនវគ្គគ្រូកម្រិត A-License រូបនេះនិយាយថា «នេះគឺជាការប្រកួតដ៏តានតឹងសម្រាប់យើង ព្រោះជាប្រកួតបើកឆាក ហើយយើងមិនទាន់បានដឹងពីសមាសភាពក្រុមគេទៀត ។ យើងមានការផ្លាស់ប្ដូរកីឡាករច្រើន ទាំងកីឡាករក្នុងស្រុក និងកីឡាករបរទេស ហើយមកទល់ពេលនេះ ការសហការគ្នាលេងជាក្រុម មិនទាន់បានល្អ ១០០% ទៀត។ អញ្ចឹងនេះគឺជាក្ដីបារម្ភមួយសម្រាប់យើង ព្រោះជាការប្រកួតបើករដូវកាល ហើយយើងត្រូវជួបក្រុមមួយខ្លាំងដូច្នេះ។»

ប៉ុន្ដែទន្ទឹមនឹងការបង្ហាញក្ដីបារម្ភបែបនេះ លោក ហៅ សុជាតិ បានប្ដេជ្ញាជម្នះឧបសគ្គ និងជំរុញកូនក្រុម ដាច់ខាតមិនត្រូវបរាជ័យ ក្នុងការប្រកួតបើកឆាករដូវកាលថ្មីនេះឡើយ។ លោកបន្ដថា «យ៉ាងណាក៏ដោយ យើងសង្ឃឹមថា កីឡាករទាំងអស់ នឹងខិតខំយក ៣ពិន្ទុឲ្យបាន យើងអត់អោយភ្លាត់ទេ ព្រោះជាប្រកួតដំបូង យើងត្រូវការពិន្ទុចាំបាច់។ តែករណីយើងមិនអាចដណ្ដើមបាន ៣ពិន្ទុ ក៏យើងធ្វើម៉េច ស្វែងរកលទ្ធផលល្អមួយ អាចទទួលយកបាន អាចថាយ៉ាងហោចក៏ស្មើគ្នាដែរ»។

គួរបញ្ជាក់ថា ភ្នំពេញក្រោន នឹងត្រូវបើកទ្វារកីឡដ្ឋាន RSN ទទួលក្រុមបឹងកេត នាវេលាម៉ោង ៦ល្ងាច ថ្ងៃទី១៦ ខែមីនាស្អែកនេះ។ កាលពីរដូវកាលមុន ជួបគ្នា ២ជើង ក្រុមទាំងពីរ បានទទួលជ័យជម្នះម្ដងម្នាក់ ពោលគឺជើងទី១ ប្រកួតលើទឹកដីភ្នំពេញក្រោន គឺក្រុមបឹងកេត បានយកឈ្នះ ៣-២ តែដល់ពេលប្រកួតជើងទី២ លើទឹកដីបឹងកេតវិញ ក្រុមភ្នំពេញក្រោន បានយកឈ្នះ ២-១។ ដូច្នេះចាំមើលតើប្រកួតបើកឆាកស្អែកនេះ តើភ្នំពេញក្រោន ឬបឹងកេត នឹងរកបាន ៣ពិន្ទុមុន?

 

អត្ថបទ៖ បុត្រា

មតិយោបល់