U-23 អូស្ត្រាលី និងកូរ៉េខាងត្បូង ចេញបញ្ជីឈ្មោះកីឡាករជាផ្លូវការ ត្រៀមឡើងមកប្រកួតនៅកម្ពុជា

មាស សុផាណារ៉ុង March 15, 2019


 

ភ្នំពេញ៖ ការប្រកួតពានរង្វាន់ជើងឯកយុវជនប្រចាំទ្វីបអាស៊ីអាយុក្រោម២៣ឆ្នាំ វគ្គជម្រុះ សម្រាប់ឆ្នាំ២០២០ ( 2020 AFC U-23 Championship qualification ) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ពូល H ត្រៀមទទួលក្រុម៣ រួមមាន កូរ៉េខាងត្បូងអូស្ត្រាលី និងឆាយនីសតៃប៊ិ គ្រោងនឹងមកដល់នៅចុងខែមីនានេះ។

ខណៈដែលការប្រកួតកាន់តែកៀកមកដល់ ក្រុមដែលរួមពូលជាមួយក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ ២ក្រុមរវាង អូស្ត្រាលី និងកូរ៉េខាងត្បូង បានធ្វើការកោះ ក៏ដូចជាបង្ហាញឈ្មោះកីឡាកររួចរាល់ផងដែរ ដើម្បីឡើងមកតទល់នៅលើទឹកដីកម្ពុជា ស្របពេលដែលឆាយនីសតៃប៊ិ នៅមិនទាន់មានព័ត៌មានបង្ហាញពីការការកោះហៅក៏ដូចជាប្រមូលផ្ដុំកីឡាករនៅឡើយ។

  • U-23 កូរ៉េខាងត្បូង៖

ក្រោមការដឹកនាំពីគ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងផ្ទាល់ លោក Kim Hak-bum បានកោះហៅកីឡាករ២៣នាក់ តាំងពីថ្ងៃទី០៤ ខែមីនា ដោយភាគច្រើនជាយុវជនដែលប្រកបអាជីពជាមួយក្លឹបនៅលីគកំពូលកូរ៉េ ( K League 1 ) ផ្ទាល់តែម្ដង និងមានមួយចំនួនតូចមកពីលីគលំដាប់ទី២ ( K League 2 ) និងក្លឹបសាកលវិទ្យាល័យនៅកូរ៉េខាងត្បូង ផងដែរ។

  • U-23 អូស្ត្រាលី៖

ក្រុមដែលមានរហស្សនាមថា កង់គូរូ មួយនេះបានប្រកាសបញ្ចីឈ្មោះកីឡាករជាផ្លូវការចំនួន ២៤រូប មានភាគច្រើនមកក្លឹបប្រកបអាជីពនៅលីគក្នុងស្រុក លីគកំពូលអូស្ត្រាលី ( A-League ) និងអ្វីដែលគួរឲ្យចាប់អារម្មណ៍មួយចំនួនទៀតមកពីលីគក្រៅប្រទេស និងពីក្លឹបល្បីឈ្មោះនៅអ៊ឺរ៉ុបផងដែរ ដូចជាអង់គ្លេស យុវជនរបស់ Tottenham Hotspur ( កីឡាករ Tom Glover ) និងយុវជន Stoke City បច្ចុប្បន្នខ្ចីជើងទៅលីគទី៣អង់គ្លេស Fleetwood Town FC ( កីឡាករ Harry Souttar ), មកពីក្លឹប NAC Breda និង PEC Zwolle លីគកំពូលហូឡង់ និង Jong Ajax លីគទី២ហូឡង់ បូករួមជាមួយក្លឹបលីគទី៣ អ៊ីតាលី Renate ផងដែរ ដូចក្នុងបញ្ជីខាងក្រោម។

ក្រុមនេះដឹកនាំដោយ លោក Graham James Arnold ដែលជាគ្រូបង្វឹកសញ្ជាតិអូស្ត្រាលី ផ្ទាល់ផងដែរ ហើយក្នុងចំណោមកីឡាករ ២៤នាក់ ម្នាក់នឹងត្រូវជម្រុះចេញពីបញ្ជីមុនការប្រកួតផ្លូវការមកដល់។

សូមបញ្ជាក់ថា ការប្រកួតក្នុងព្រឹត្តិការណ៍ខាងលើ ដែលកម្ពុជា ត្រូវទទួលធ្វើជាម្ចាសផ្ទះរៀបចំការប្រកួតនេះ គឺគ្រោងនឹងធ្វើឡើងនៅពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ សម្រាប់ពូល F ជាមួយប្រទេសចំនួន ៣ផ្សេងទៀត រួមមាន កូរ៉េខាងត្បូងអូស្ត្រាលី និង ឆាយនីសតៃប៊ិ។

ការប្រកួតនេះគឺដើម្បីដណ្ដើមកៅអីទៅជុំផ្ដាច់ព្រ័ត្រ ដែលគ្រោងនឹងធ្វើនៅប្រទេសថៃ នាដើមឆ្នាំ២០២០ ខាងមុខ ក៏ដូចជាសម្រាប់ប្រជែងឱកាសបន្តទៀតទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ( 2020 Summer Olympic ) ដែលជប៉ុនធ្វើម្ចាស់ផ្ទះ នៅពាក់កណ្ដាលឆ្នាំ២០២០ នេះផងដែរ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កូរ៉េ – KFA / សហព័ន្ធកីឡាបាល់ទាត់អូស្ត្រាលី – Socceroos

អត្ថបទ៖ ណារ៉ុង

មតិយោបល់