លោក Kazunori ប្តេជ្ញាបន្តនិន្នាការជួយឲ្យយុវជនជំនាន់ក្រោយកម្ពុជាក្លាយជាកីឡាករដ៏ល្អនាពេលអនាគត

មាស សុផាណារ៉ុង March 14, 2019


 

ភ្នំពេញ៖ កាលពីដើមខែកុម្ភៈ គ្រូបង្វឹសញ្ជាតិជប៉ុន ដែលធ្លាប់ដឹកនាំ U-16, U-17 និង U-18 កម្ពុជា លោក Inoue Kazunori ដែលបានត្រលប់មកកាន់ការងារជាមួយយុវជនកម្ពុជា ជាថ្មីបន្ទាប់ពីលេចមុខនៅកម្ពុជាអស់រយៈពេលជាង ១ខែរួចមក។

គ្រូដែលជួយឲ្យក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំ ឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( AFF U-16 Championship 2016 ) កាលពីឆ្នាំ២០១៦ បានមកកាន់តួនាទីជាគ្រូបង្វឹកនៃក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី អាយុក្រោម១៥ឆ្នាំ ជំនួសលោក Lee Tae Hoon ដែលបានផុតសុពលភាពកិច្ចសន្យាជាមួយ ស.ប.ក កាលពីចុងឆ្នាំ២០១៨ ជាមួយនឹងកិច្ចសន្យារយៈពេល១ឆ្នាំ ពោលគឺសុពលភាព ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។

មិនមែនត្រឹមតែជាគ្រូបង្គោល U-15 សាលាបាល់ទាត់ជាតិបាទីប៉ុណ្ណោះទេ លោកក៏ត្រូវកាន់តំណែងជាគ្រូជម្រើសជាតិកម្ពុជា អាយុក្រោម១៥ឆ្នាំផងដែរ ដើម្បីត្រៀមប្រកួតពានក្នុងតំបន់នៅពាក់កណ្ដាលឆ្នាំ២០១៩ នេះដូចគ្នា។

ក្រោយការត្រលប់មកដឹកនាំជាថ្មី លោកបានយោបល់ខ្លះផងដែរជុំវិញដំណើរមកកាន់កម្ពុជា ជាលើកទី២ នេះ៖ «ខ្ញុំបានត្រលប់មកប្រទេសកម្ពុជាវិញដើម្បីដឹកនាំក្រុមសាលាបាល់ទាត់អាយុក្រោម១៥ឆ្នាំ និងដើរតួជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៥ឆ្នាំផងដែរ។ សាលាបាល់ទាត់នេះ បានឈានដល់ឆ្នាំទី៦ ហើយចាប់តាំងពីវាត្រូវបានបង្កើតឡើង ហើយអស់រយៈពេលជាច្រើនឆ្នាំគ្រូជនជាតិជប៉ុនជាច្រើន បានដឹកនាំការហ្វឹកហាត់នៅសាលាបាល់ទាត់នេះ។ អតីតកីឡាករជាច្រើននៃយុវជនសាលាបាល់ទាត់ជាតិនេះ កំពុងលេងឱ្យក្រុមកំពូលៗ នៅក្នុងលីគក្នុងស្រុក ហើយមួយចំនួនទៀតត្រូវបានជាប់ឈ្មោះនៅក្នុងក្រុមជម្រើសជាតិឈុតធំ។ ខ្ញុំជឿជាក់យ៉ាងមុតមាំថាគ្រូជនជាតិជប៉ុន បានបំពេញតួនាទីយ៉ាងវិជ្ជមានក្នុងការជួយឲ្យបាល់ទាត់កម្ពុជារីកចម្រើន ហើយខ្ញុំសង្ឃឹមថា នឹងបន្តនូវនិន្នាការនេះដោយជួយឲ្យកីឡាករក្មេងៗជំនាន់ក្រោយខិតខំដើម្បីក្លាយជាកីឡាករដ៏ល្អនាពេលអនាគត។»

ចាំបានថាកាលពីឆ្នាំ២០១៦ ក្រោយការររស់នៅ និងបំពេញការងារបានជិតកន្លះឆ្នាំនៅទីនេះ លោក Kazunori Inoue បាននាំយកនូវបែបផែនថ្មីមួយសម្រាប់យុវជនក្មេងៗដែលលោកកំពុងដឹកនាំ ដោយក្រៅពីផ្តោតហ្វឹកហាត់លើជំនាញមូលដ្ឋាន និងបច្ចេកទេសផ្ទាល់ខ្លួនក៏ដូចជាការអប់រំផ្នែកកាយសម្បទាហើយនោះ  លោកក៏បានរៀបចំឱ្យកីឡាករទាំងអស់ទទួលបានការអប់រំលើភាសាបរទេសផងដែរ។ «ខ្ញុំចាប់អារម្មណ៍ថា កីឡាករកម្ពុជាមានចំនុចរួមគ្នា ហើយមានឥរិយាបទល្អទាំងពេលហ្វឹកហាត់ និងពេលប្រកួត ពួកគេម្នាក់ៗសុទ្ធតែមានសក្តានុពលផ្ទាល់ខ្លួនដែលមានប្រយោជន៍ចំពោះក្រុម ហើយយើងត្រូវតែពង្រឹងឱ្យកាន់តែល្អថែមទៀត។ ជាមួយគ្នានេះ ខ្ញុំបានស្នើសុំជាញឹកញាប់ឱ្យពួកគេប្រើប្រាស់ភាសាអង់គ្លេសក្នុងការទំនាក់ទំនងគ្នា តបតាមការស្នើសុំនេះ ពួកគេក៏ទទួលបានការសិក្សាភាសា អង់គ្លេសបន្ថែមទៀតបន្ទាប់ពីបរិភោគអាហារពេលល្ងាចរួច។ ដូច្នេះ នៅពេលនេះ ពួកគេជាច្រើនអាចសន្ទនាជាភាសាអង់គ្លេស និងអាចប្រើប្រាស់បាននៅក្នុងពេលប្រកួតផងដែរ។»

សូមរំឮកថា លោក Kazunori បានមកជួយដល់វិស័យកីឡាបាល់ទាត់កម្ពុជា តាមរយៈសាលាបាល់ទាត់ជាតិបាទី ក្រោមកិច្ចសន្យានៃកិច្ចសហប្រតិបត្តិការវាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងសហព័ន្ធកីឡាបាល់ទាត់ជប៉ុន ដើម្បីផ្ដល់នូវអ្នកជំនាញមកជួយអភិវឌ្ឍន៍បាល់ទាត់យុវជន និងជាជនជាតិជប៉ុនទី២ បន្ទាប់ពីលោក Yusuke Iki ដែលបានចំណាយពេល ២ឆ្នាំដូចគ្នា ដើម្បីដឹកនាំក្រុមសាលាបាល់ទាត់ជាតិបាទី និងក្រុមជម្រើសជាតិយុវជនផងដែរ។

សមិទ្ធផលដ៏ធំបំផុតដែលអ្នកស្នេហាវិស័យកីឡាបាល់ទាត់កម្ពុជា នៅចាំគឺការដឹកនាំរបស់លោក ជួយឲ្យក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំ ឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( AFF U-16 Championship 2016 ) ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ កាលពីឆ្នាំ២០១៦។ លោកបានបន្សល់នូវអនុស្សាវរីយ៍ពិសេសបំផុតគឺអំឡុងពេលក្រុម U18 កម្ពុជា កំពុងប្រមូលផ្ដុំហ្វឹកហាត់ត្រៀមប្រកួតពាន AFF U-18 Championship 2017 ទោះបីឪពុកលោកទទួលមរណៈភាព ក៏លោកសម្រេចចិត្តមិនទៅចូលរួម ព្រោះចង់ដឹកនាំក្រុម U18 កម្ពុជា ចូលរួមប្រកួតពានរង្វាន់ប្រចាំតំបន់នេះដែរ កាលពីឆ្នាំ២០១៧ នៅប្រទេសមីយ៉ាន់ម៉ា។

 

ប្រភព៖ jfa.jp

អត្ថបទ៖ ណារ៉ុង

មតិយោបល់