Keisuke Honda អាចនឹងមកចូលរួមដឹកនាំ U-23 កម្ពុជា ដែលត្រូវប្រកួតចុងខែនេះ

មាស សុផាណារ៉ុង March 13, 2019


 

ភ្នំពេញ៖ អ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda ទំនងជាអាចនឹងឡើងមកចូលរួមដឹកនាំក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ ដើម្បីប្រកួតពានរង្វាន់ជើងឯកយុវជនប្រចាំទ្វីបអាស៊ីអាយុក្រោម២៣ឆ្នាំ វគ្គជម្រុះ សម្រាប់ឆ្នាំ២០២០ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ។

អ្នកចាត់ការទូទៅ ដែលកំពុងប្រកបអាជីពជាមួយក្លឹបនៅលីគកំពូលអូស្ត្រាលី Melbourne Victory មួយនេះ ខកខានដឹកនាំក្រុមកម្ពុជា ទាំងឈុតធំ និងឈុតយុវជនអាយុក្រោម២២ឆ្នាំ ដោយផ្ទាល់ចំនួន ២លើករួចមកហើយនៅក្នុងដើមឆ្នាំ២០១៩នេះ ដោយសារតែជាប់កាតព្វកិច្ចជាមួយក្លឹបរបស់ខ្លួន។

យ៉ាងណាមិញសម្រាប់ការប្រកួតរបស់ ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ នាពេលខាងមុខវិញអតីតកីឡាករឆ្នើមនៃក្រុមជម្រើសជាតិជប៉ុន ពីឆ្នាំ២០០៨-២០១៨ រូបនេះទំនងជាអាចចូលរួមដឹកនាំជាមួយ លោក Felix Dalmas ដោយសារនៅអំឡុងថ្ងៃប្រកួតពានរង្វាន់ជើងឯកយុវជនប្រចាំទ្វីបអាស៊ីអាយុក្រោម២៣ឆ្នាំ វគ្គជម្រុះ ឆ្នាំ២០២០ ( 2020 AFC U-23 Championship qualification ) នេះគឺគាប់ជួនចំនឹងថ្ងៃប្រកួតដែលទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទាត់ពិភពលោក ឬហៅថា ( FIFA Day ) ដោយភាគច្រើនគឺក្លឹបអនុញ្ញាតិឲ្យកីឡាករទៅចូលរួមជាមួយក្រុមជម្រើសជាតិឈុតធំរៀងៗខ្លួន ក្រោយត្រូវបានគ្រូកោះហៅ ដើម្បីធ្វើការប្រកួតមិត្តភាពកម្ដៅសាច់ដុំ ជាមួយបណ្ដាប្រទេសដែលសហព័ន្ធរបស់ខ្លួនត្រូវបានណាត់ប្រកួតនោះ។

ថ្ងៃប្រកួតដែលទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទាត់ពិភពលោក ឬហៅថា ( FIFA Day ) នៅក្នុងខែមីនា នេះត្រូវបានកំណត់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២៦ ខែមីនា ស្របពេលដែលពានរង្វាន់ ( 2020 AFC U-23 Championship qualification ) នេះគឺនៅអំឡុងថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមីនា ផ្ទាល់តែម្ដង ដែលបានសេចក្ដីថា លោក Keisuke Honda ទំនងជាអាចនឹងឡើងមកចូលរួមដឹកនាំក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ បាន។

ងាកមកការប្រកួតក្នុងព្រឹត្តិការណ៍ខាងលើ ដែលកម្ពុជា ត្រូវទទួលធ្វើជាម្ចាសផ្ទះរៀបចំការប្រកួតវិញ គឺគ្រោងនឹងធ្វើឡើងនៅពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ដោយកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះប្រចាំពូល F ជាមួយប្រទេសចំនួន ៣ផ្សេងទៀត រួមមាន កូរ៉េខាងត្បូងអូស្ត្រាលី និង ឆាយនីសតៃប៊ិ។

ការប្រកួតនេះគឺដើម្បីដណ្ដើមកៅអីទៅជុំផ្ដាច់ព្រ័ត្រ ដែលគ្រោងនឹងធ្វើនៅប្រទេសថៃ នាដើមឆ្នាំ២០២០ ខាងមុខ ក៏ដូចជាសម្រាប់ប្រជែងឱកាសបន្តទៀតទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ( 2020 Summer Olympic ) ដែលជប៉ុនធ្វើម្ចាស់ផ្ទះ នៅពាក់កណ្ដាលឆ្នាំ២០២០ នេះផងដែរ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់