ទិដ្ឋភាពគួរឲ្យចង់ចូលទស្សនា នៃកីឡដ្ឋានត្រៀមស៊ីហ្គេម ឆ្នាំ២០២៣

មាស សុផាណារ៉ុង March 13, 2019


 

ភ្នំពេញ៖ កីឡដ្ឋានបាល់ទាត់ធំ ឬ Main Stadium នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាទីតាំងបង្គោលត្រៀមស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ មកទល់ពេលនេះ បានសម្រេចការសាងសង់ប្រមាណក្បែរ ៥០% ហើយ។ នេះបើតាមការបង្ហើបរបស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) កាលពីថ្មីៗ។

ប៉ុន្ដែថ្ងៃនេះ សូមនាំអារម្មណ៍របស់ទស្សនិកជន មកទស្សនាទិដ្ឋភាពពីលើអាកាស ក្នុងដំណើរការសាងសង់ និងគម្រោងកីឡដ្ឋានធំ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលថតដោយមន្ត្រីសារព័ត៌មានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ( ស.ប.ក ) ហើយក៏ជាទិដ្ឋភាពដ៏អស្ចារ្យ ដែលមើលហើយគួរឲ្យចង់ចូលរួមទស្សនា ចំពោះអនាគតទ្រនំថ្មីរបស់ក្រុមជម្រើសជាតិកម្ពុជា ដែលមានតម្លៃប្រមាណ ១៦០លានដុល្លារ គ្រោងនឹងបញ្ចប់ការសាងសង់នៅដំណាច់ឆ្នាំ២០២០ នេះ។

 

គួរបញ្ជាក់ថា កីឡដ្ឋានត្រៀមស្វាគមណ៍ព្រឹត្តិការណ៍ស៊ីហ្គេមលើកដំបូង នៅកម្ពុជានេះ គឺអាចផ្ទុកអ្នកទស្សនាបានចំនួន ៥៥,០០០នាក់ និងកៅអីបម្រុងចំនួន ៥,០០០កៅអីទៀត។ អ្វីដែលពិសេស គឺច្រកសុវត្ថិភាព ដើម្បីជម្លៀសអ្នកទស្សនា ដោយប្រើពេលត្រឹមតែ ៧នាទីប៉ុណ្ណោះ ក្នុងករណីមានអាសន្ន។ កីឡដ្ឋាននេះមានកម្ពស់ ៥ជាន់ ដែលសាងសង់ឡើង ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន ដែលមានទឹកប្រាក់ប្រមាណ ១៦០លានដុល្លារឯណោះ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ បុត្រា

មតិយោបល់