លោក មាស ចាន់ណា ថា បើទម្រង់លេងរបស់ក្រុមដូចការប្រកួតទល់ ​Yangon មិនអាចប្រជែងលីគបានឡើយ

មាស សុផាណារ៉ុង March 13, 2019


 

ភ្នំពេញ៖ ណាហ្គាវើលដ៍ បានយកឈ្នះក្រុម Yangon United ( របស់មីយ៉ាន់ម៉ា ) ដោយលទ្ធផល ២ទល់១ ក្នុងជំនួបទី២ប្រចាំពូល F នៃពាន ( ​AFC Cup 2019 ) ល្ងាចថ្ងៃទី១២ ខែមីនា ម្សិលមិញ ប៉ុន្តែគ្រូបង្វឹក លោក មាស ចាន់ណា បានសម្ដែងនូវការមិនពេញចិត្តជាមួយទម្រង់លេងរបស់កូនក្រុម ដែលការណ៍នេះធ្វើឲ្យលោកលើកឡើងថា មិនអាចប្រជែងលីគកំពូលកម្ពុជា បានឡើយ។

ណាហ្គាវើលដ៍ នឹងត្រូវមានភារកិច្ចក្នុងស្រុក គឺការពារតំណែងជើងឯកនៃលីគកំពូលកម្ពុជា សម្រាប់រដូវកាល២០១៩ ជាមួយនឹងការប្រកួតប្រជែងទល់នឹងក្រុមចំនួន ១៣ផ្សេងទៀតក្នុងលីគ ខណៈភ្ជាប់ជាមួយនឹងទម្រង់លេងដែលបានយកឈ្នះ Yangon United ២ទល់១ កាលពីម្សិលមិញនោះលោកបានសម្ដែងអារម្មណ៍ថា មិនអាចប្រជែងលីគ ទៅវិញ។

«សម្រាប់ការប្រកួតថ្ងៃនេះ បើយើងនៅរក្សាត្រឹមប៉ុណ្ណឹង យើងអត់អាចយកជើងឯកបានទេ សម្រាប់លីគកំពូល។ ទាក់ទងនឹងទម្រង់លេង នៅតែមានចន្លោះខ្វះខាត ការធ្វើចន្លោះនៃការការពារ ការបញ្ចប់ទី ការត្រៀមដើម្បីចាប់ផ្ដើមការវាយបក គឺនៅមានចន្លោះ អច្ចឹងហើយបើយើងលេងប៉ុណ្ណឹងយើងអត់យកពានបានទេ អច្ចឹងហើយត្រូវតែធ្វើឲ្យល្អជាងនេះទៀត ដូចខ្ញុំនិយាយ ថ្ងៃគាត់ល្អមែន គាត់ឈ្នះល្អមែន យើងសប្បាយចិត្ត ប៉ុន្តែការធ្វើត្រូវ គឺត្រឹម ៥០ភាគរយដែលខ្ញុំសប្បាយចិត្ត។» សម្ដីទាំងស្រុងរបស់ លោក មាស ចាន់ណា នៅក្នុងសន្នសីតសារព័ត៌មានក្រោយចប់ការប្រកួត។

យ៉ាងណាមិញ លទ្ធផលពីជ័យជម្នះម្សិលមិញនេះ បានធ្វើឲ្យក្រុមតំណាងកម្ពុជា មួយនេះបានឡើងមកឈរលេខ៣ ក្នុងពូល F ផងដែរ ដោយមាន ៣ពិន្ទុ តាមពីក្រោយកំពូលតារាង Hanoi FC ជាមួយ ​Tampines Rovers FC តែ១ពិន្ទុប៉ុណ្ណោះ ដែលកំពុងកាន់៤ពិន្ទុក្នុងដៃ។ 

សម្រាប់ណាហ្គាវើលដ៍ បន្ទាប់ពីការប្រកួតក្នុងពានរង្វាន់ក្លឹបបាល់ទាត់កម្រិតទី២ ប្រចាំទ្វីបអាស៊ី ( ​AFC Cup 2019 ) នេះរួច នឹងមានការប្រកួតបន្តទៀតផងដែរ នៅចុងសប្ដាហ៍នេះ ដោយត្រូវប្រកួតតទល់ជាមួយម្ចាស់ផ្ទះ អាស៊ីអឺរ៉ុបយូណាយធីត ក្នុងជំនួបបើករដូវកាលនៃលីគកំពូលកម្ពុជា រដូវកាល២០១៩ ដើម្បីឈានទៅការពារតំណែងជើងឯក ដែលបានគ្រងកាលពីឆ្នាំ២០១៨៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់