គ្រូ Yangon United ថាណាហ្គាវើលដ៍ មិនមែនឈ្នះក្រុមរបស់ខ្លួនដោយសំណាងនោះឡើយ

មាស សុផាណារ៉ុង March 13, 2019


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់ណាហ្គាវើលដ៍ បានរកជ័យជម្នះក្នុងជំនួបទី២ ប្រចាំពានក្លឹបបាល់ទាត់លំដាប់ទី២ ទ្វីបអាស៊ី ( AFC Cup 2019 ) ជាលើកដំបូងកាលពីយប់ថ្ងៃទី១២ ខែមីនា ម្សិលមិញក្រោយយកឈ្នះលើក្រុម Yangon United ដោយលទ្ធផល ២ទល់១ ដែលមានគ្នាតែ ១០នាក់ ៨៥នាទីពេញ។

រំលឹកទៅដល់ការប្រកួតដែលចាប់ផ្ដើមបានតែ ៥នាទី កីឡាករ Pyae Phyo Zaw របស់ Yangon United ត្រូវបានអាជ្ញាកណ្ដាលជនជាតិប៉ាឡេស្ទីន លោក Baraa Aisha ផ្ដល់កាតក្រហមជូនបន្ទាប់ពីបានបង្ករកំហុសដោយព្យាយាមយកដៃទៅរារាំងគ្រាប់បាល់ទាត់បញ្ចូលទីរបស់ ណាហ្គាវើលដ៍ នៅតំបន់គ្រោះថ្នាក់ ដែលនាំឲ្យការប្រកួតផ្លាស់ប្ដូរទាំងស្រុងសម្រាប់ក្រុមមកពីមីយ៉ាន់ម៉ា មួយនេះ នេះបើតាមការបញ្ជាក់ដោយ លោក Myo Min Tun គ្រូបង្វឹករបស់ Yangon United ផ្ទាល់។

យ៉ាងណាមិញនៅពេលដែលអ្នកសារព័ត៌មានចោទសួរថា តើនេះជាសំណាងរបស់ណាហ្គាវើលដ៍ ឬយ៉ាងណាដែលមានគ្នា១១នាក់ ហើយឱកាសទាត់ពិន័យ១១ម៉ែត្រ សម្រេចទាំង២លើក ជាមួយនឹងឱកាសជាច្រើនលើកច្រើនសារ? លោក Myo Min Tun បានឆ្លើយតបយ៉ាងដូច្នេះថា៖ «ខ្ញុំបាននិយាយមុនការប្រកួតអំពីណាហ្គាវើលដ៍ ណាហ្គាវើលដ៍គឺជាក្រុមខ្លាំង ថ្ងៃនេះបញ្ហាគឺជាកំហុសរបស់យើង ពីព្រោះនៅ៥នាទីដំបូង យើងបង្ករឲ្យមានបាល់ពិន័យ ១១ម៉ែត្រមួយ និងកាតក្រហម១ នេះគឺជាបញ្ហាទី១ បញ្ហាទី២ គឺបាល់ពិន័យ ១១ម៉ែត្រទី២។ ជាសំណាង? មិនមែនទេ ណាហ្គាវើលដ៍ ធ្វើបានយ៉ាងល្អ គេពិតជាក្រុមដ៏ខ្លាំង និងមានគុណភាព មិនមែនជាសំណាងឡើយ។»

គ្រូបង្វឹកសញ្ជាតិមីយ៉ាន់ម៉ា ដដែលរូបនេះក៏បានបង្ហើបយ៉ាងខ្លីទៀតផងដែរថា គ្រប់ការប្រកួតប្រសិនជាការប្រកួត ១០ នាក់ទល់នឹង ១១ នាក់ហើយ នោះមិនមែនជារឿងងាយស្រួលនោះឡើយ តែយ៉ាងណាលោកក៏បានសម្ដែងនូវកាអបអរសាទរ ដល់ក្រុមម្ចាស់ផ្ទះ ណាហ្គាវើលដ៍ ដែលទទួលបានជ័យជម្នះនេះ។

សូមបញ្ជាក់ថា ក្រោយឆ្លងកាត់ ២ប្រកួត Yangon United កំពុងស្ថិតនៅបាតារាង ដោយពុំទាន់អាចរកពិន្ទុបាននៅឡើយ ស្របពេលដែល ណាហ្គាវើលដ៍ រកបាន ៣ពិន្ទុជាលើកដំបូង ឈរនៅលេខ៣ ខណៈ ២ក្រុមផ្សេងទៀតរវាង Hanoi FC ជាមួយ ​Tampines Rovers FC មាន៤ពិន្ទុស្មើគ្នា ឈរនៅកំពូលតារាង។

តារាងចំណាត់ថ្នាក់សរុបប្រចាំពូល ​F គិតត្រឹមប្រកួតទី២៖

 

រូបភាព៖ AFC Cup

អត្ថបទ៖ ណារ៉ុង

មតិយោបល់