ណាហ្គាវើលដ៍ ឈ្នះមែនពិត តែលោក មាស ចាន់ណា ថាកូនក្រុមធ្វើបានតែ៥០ភាគរយ

មាស សុផាណារ៉ុង March 12, 2019


 

ភ្នំពេញ៖ ណាហ្គាវើលដ៍ បានយកឈ្នះក្រុមជើងឯកលីគកំពូលមីយ៉ាន់ម៉ា Yangon United ដោយលទ្ធផល ២ទល់១ ក្នុងជំនួបទី២ប្រចាំពូល F នៃពានក្លឹបបាល់ទាត់កម្រិតទី២ ប្រចាំទ្វីបអាស៊ី ( ​AFC Cup 2019 ) ល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ មុននេះ។ ​ត្បិតទទួលបានជ័យជម្នះ ដោយលទ្ធផល ២ទល់១ យ៉ាងណាមិញ លោក មាស ចាន់ណា ថាពេញចិត្តជាមួយលទ្ធផល ប៉ុន្តែមិនពេញចិត្តជាមួយទម្រង់លេងរបស់កូនក្រុមដែលធ្វើបានតែ៥០ភាគរយពីការប្រកួតនេះ។

លោក មាស ចាន់ណា បានលើកឡើងយ៉ាងដូច្នេះថា៖ «ចំពោះខ្ញុំសម្រាប់ការប្រកួត លទ្ធផលយើងពេញចិត្តខ្លាំង ក៏ប៉ុន្តែទម្រង់នៃការលេងមិនទាន់ពេញចិត្ត១០០ភាគរយទេ ទម្រង់នៃការលេងទើបតែបាន ៥០ភាគរយទេ ដែលអ្វីដែលធ្វើទៅតាមខ្ញុំ គាត់ធ្វើត្រូវ ដូចជាការដណ្ដើមបាល់ រៀបចំកន្លែងណា បានន័យថាអ្វីដែលយើងដាក់ទៅគាត់ធ្វើ ប៉ុន្តែឲ្យឆ្នៃប្រឌិតបន្ថែមទៀតនៅក្នុងហ្នឹងគឺខ្វះ ព្រោះក្នុងស្ថានភាពបាល់ទាត់គឺច្រើនមែនទែន ខ្ញុំអត់អាចរៀបចំទាំងអស់បានទេ តែរៀបចំតែកន្លែងសំខាន់ៗ ហើយចន្លោះកន្លែងហ្នឹងគាត់ត្រូវឆ្នៃប្រឌិតបន្ថែមខ្លួនគាត់ទៀត»។

ងាកមកការប្រកួតវិញ លោកបានសង្កត់ធ្ងន់ថា ការប្រកួតនេះពិតជាតឹងតែង ប្រសិនបើ Yangon United មិនបាត់បង់កីឡាករស្ថានភាពនៃការប្រកួតគឺពិតជាយ៉ាប់សម្រាប់ក្រុមលោក។ លោកបន្តថាកូនក្រុមធ្វើបានល្អ ប៉ុន្តែការសម្រេចទីចុងក្រោយ គឺនៅមានបញ្ហាខ្វះខាត ពោលគឺទីមួយ ទាក់ទងនឹងការបញ្ជូនសម្លាប់ និងទីពីរ ទាក់ទងនឹងការបញ្ចប់ទី ដែលជាបញ្ហាធំ។

សូមរំលឹកថា លទ្ធផលពីការប្រកួតរវាង ណាហ្គាវើលដ៍ ជាមួយ Yangon United បានបញ្ចប់ទៅដោយលទ្ធផល ២ទល់១ ដោយគ្រាប់បាល់ ២គ្រាប់របស់ ណាហ្គាវើលដ៍ ធ្វើបានសម្រេចដោយកីឡាករ Atuhaire Kipson ទាំង២គ្រាប់តាមរយៈបានពិន័យ១១ម៉ែត្រ ទាំង២គ្រាប់ នៅនាទី៦ និងនាទី២៧ ខណៈ១គ្រាប់របស់ Yangon United ទាត់ចូលដោយកីឡាករ ​Vinicius Miller នៅនាទី៩។ ការប្រកួតក្រុមរួមពូល F មួយគូទៀតវិញ ម្ចាស់ផ្ទះ Tampines Rover ( របស់សិង្ហបុរី ) បានត្រឹមចែកគ្នាម្នាក់ ១ពិន្ទុជាមួយ Hanoi FC របស់វៀតណាម ក្រោយស្មើគ្នា ១ទល់១៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់