ឯកឧត្តម សៅ សុខា មានជំនឿចិត្តខ្ពស់ បាល់ទាត់កម្ពុជានឹងឈ្នះមេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣

មាស សុផាណារ៉ុង March 12, 2019


 

ភ្នំពេញ៖ ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបង្ហាញនូវជំនឿចិត្តខ្ពស់ ក្នុងការដណ្ដើមពានលើប្រភេទកីឡាបាល់ទាត់ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ( SEA Games 2019 ) លើកទី៣២ ដែលកម្ពុជាទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះលើកដំបូង នាឆ្នាំ២០២៣ ខាងមុខ។

ថ្លែងក្រោយចប់មហាសន្និបាតលើកទី១៣ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីម្សិលមិញ ឯកឧត្តម សៅ សុខា បានមានប្រសាសន៍ថា ស៊ីហ្គេម ឆ្នាំ២០២៣ គោលដៅសំខាន់របស់សហព័ន្ធ ដាច់ខាតត្រូវលើកពាន ( មេដាយមាស ) ឲ្យបាន។ ការដាក់ក្ដីរំពឹងខ្ពស់បែបនេះ ដោយសារឯកឧត្តមជឿជាក់លើផែនការយុទ្ធសាស្ដ្ររបស់ខ្លួន ដែលត្រូវអភិវឌ្ឍក្នុងរយៈពេល ៤ឆ្នាំចុងក្រោយ។ ឯកឧត្តមបានគូសបញ្ជាក់ថា «គោលដៅរបស់យើង គឺលើកពានស៊ីហ្គេម ឆ្នាំ២០២៣។ មូលហេតុអ្វី ដែលយើងអាចថា លើកពាន? ដូចក្នុងមហាសន្និបាត បានពិភាក្សា និងឯកភាពគ្នាហើយ គឺកីឡាកត្រូវប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ សម្រាប់បាល់ទាត់ គឺអាយុក្រោម ២២ឆ្នាំ ចឹងមានន័យកីឡាករគ្រប់ប្រភេទ ដែលត្រូវមកចូលរួម គឺអាយុប្រហាក់ប្រហែលឆ្នាំ២០០១ ឬ ២០០២ ឬ ២០០៣។ អញ្ចឹងបើយើងចាប់ផ្ដើមអភិវឌ្ឍន៍ពីថ្ងៃនេះ គេក៏ចាប់ផ្ដើមដូចយើងដែរ មនុស្សដូចតែគ្នា អត់បញ្ហាទេ»។

ដោយហេតុផលនេះ ប្រមុខសហព័ន្ធកីឡាបាល់ទាត់កម្ពុជាខាងលើ បានសង្កត់ធ្ងន់ថា «ពាននេះ (ស៊ីហ្គេម ឆ្នាំ២០២៣) សង្ឃឹមទៅរួមទាំងអស់គ្នាទៅ ដឹងតែថាយកបានហើយពានហ្នឹង គ្មានទៅណារួចពីយើងទេ ដើម្បីឲ្យសាកសមនឹងតម្លៃ នៃការខិតខំអភិវឌ្ឍ កសាងសន្ដិភាព ឲ្យប្រទេសជាតិមានការរីកចម្រើន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន»។

ទន្ទឹមនឹងការអះអាងដូច្នេះ ឯកឧត្តមការបានជំរុញផែនការអភិវឌ្ឍន៍ និងសាងសង់សាលាតម្រង់ទិសទូទាំង ២៥រាជធានី-ខេត្ត ដើម្បីចម្រាញ់បានធនធានល្អស្របតាមគោលដៅចង់បានផងដែរ។

គួរបញ្ជាក់ថា ដើម្បីសម្រួចទិសដៅស៊ីហ្គេម ឆ្នាំ២០២៣ ស.ប.ក បានដាក់ចេញនូវបេសកកម្មធំៗចំនួន ៤ត្រូវអនុវត្ត រួមមានទី១: បង្កើនសមត្ថភាពសហព័ន្ធកីឡាបាល់ទាត់កម្ពុជាឲ្យមានគុណភាព និងវិជ្ជាជីវៈ ក្នុងការដឹកនាំ និងគ្រប់គ្រងក្លឹបបាល់ទាត់អាជីព, ទី២: រៀបចំមូលដ្ឋានសម្រាប់បាល់ទាត់កម្ពុជា ឈានទៅរកសមត្ថភាព និងបច្ចេកទេសកម្រិតខ្ពស់, ទី៣: លើកកម្ពស់ និងប្រើប្រាស់វិស័យកីឡាបាល់ទាត់ ដើម្បីចូលរួមកសាង និងអភិវឌ្ឍសង្គម និងទី៤: ធានាលទ្ធផលល្អប្រសើរក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣៕

 

អត្ថបទ៖ បុត្រា

មតិយោបល់