លោក សំ វ៉ាន់ដេត ថា ពេលអាស៊ីអឺរ៉ុប ប៉ះស្វាយរៀង ខ្ញុំសុំឈរខាងក្រៅទីលាន

មាស សុផាណារ៉ុង March 12, 2019


 

ភ្នំពេញ៖ លោក សំ វ៉ាន់ដេត បានបញ្ជាក់ថា សម្រាប់ការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា ក៏ដូចជាពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៣ ឆ្នាំ២០១៩ ខាងមុខ រាល់ពេលក្រុមអាស៊ីអឺរ៉ុប ត្រូវប្រកួតផ្លូវការជាមួយក្រុមព្រះខ័នរាជស្វាយរៀង លោកសុំឈរក្រៅទីលាន មិនពាក់ព័ន្ធក្នុងការប្រកួតឡើយ។

ការអះអាងបែបនេះ គឺក្រោយពេល លោក សំ វ៉ាន់ដេត បានចូលបម្រើការងារជាជំនួយការផ្នែកបច្ចេកទេសស្ម័គ្រចិត្តរបស់ក្រុមអាស៊ីអឺរ៉ុប ដើម្បីបំពេញលក្ខខណ្ឌសម្រាប់ការសិក្សាវគ្គ A License របស់ខ្លួន ដែលតម្រូវឲ្យលោកត្រូវមានក្លឹបដឹកនាំច្បាស់លាស់។ តែដោយសារមនោសច្ចេតនាមិនអាចកាត់ថ្លៃបានរវាងលោក ជាមួយនឹងប្រធានក្លឹបព្រះខ័នរាជស្វាយរៀង គឺឯកឧត្តម ឌី វិជ្ជា ទើបលោកប្រកាន់ជំហរបែបនេះ។

អតីតគ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀងរូបនេះ បាននិយាយថា៖ «ខ្ញុំបានធ្វើលិខិតមួយ ជាមួយគ្រូបង្គោលអាស៊ីអឺរ៉ុប (លោក សុក វាសនា) រួចហើយ ពេលប៉ះស្វាយរៀង ខ្ញុំអត់មានប៉ះពាល់ទេ លើកលែងតែប្រកួតមិត្តភាព តែពេលជួបគ្នាផ្លូវការរវាង អាស៊ីអឺរ៉ុប និងស្វាយរៀង ខ្ញុំសូមនៅក្រៅទីលាន។ ប៉ុន្ដែប៉ះក្រុមផ្សេងៗ ខ្ញុំនឹងផ្ដល់ជំនួយជាបច្ចេកទេសធម្មតា តែបើជួបស្វាយរៀង ខ្ញុំមិនអាចប្រឈរមុខជាមួយពួកគាត់បានទេ»។

ជាមួយនឹងការប្រកាន់ជំហរបែបនេះ ដោយសារលោកមានមនោសចេតនាច្រើនឆ្នាំជាមួយថ្នាក់ដឹកនាំ និងគ្រួសារក្លឹបព្រះខ័នរាជស្វាយរៀង ជាក់ស្ដែងទោះបីលោកត្រូវបានបញ្ឈប់ពីកៅអីគ្រូបង្វឹកព្រះខ័នរាជស្វាយរៀងជិត ២ឆ្នាំក្ដី ប៉ុន្ដែប្រធានក្លឹបឯកឧត្តម ឌី វិជ្ជា បានផ្ដល់ជាប្រាក់ខែ និងការស្នាក់នៅ សម្រាប់កូនរៀនជារៀងរហូត ព្រោះឯកឧត្តមចង់ឲ្យរូបលោក បញ្ចប់ការសិក្សាវគ្គគ្រូកម្រិត A-License ។ នេះបើតាមការបញ្ជាក់របស់លោក សំ វ៉ាន់ដេត៕

 

រូបភាព៖ អាសុីអឺរ៉ុប យូណាយធីត – AEU

អត្ថបទ៖ បុត្រា

មតិយោបល់