លោក មាស ចាន់ណា បង្ហើបគន្លឹះកែប្រែផ្លូវចិត្តពីបរាជ័យប្រកួតដំបូង ដើម្បីត្រៀមសម្រាប់ប្រកួតល្ងាចនេះ ទល់នឹង Yangon

មាស សុផាណារ៉ុង March 12, 2019


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់ណាហ្គាវើលដ៍ នឹងត្រូវតតាំងជាមួយក្រុមភ្ញៀវ Yangon United ក្នុងជំនួបទី២ប្រចាំពូល F នៃពានក្លឹបបាល់ទាត់កម្រិតទី២ ប្រចាំទ្វីបអាស៊ី ( ​AFC Cup 2019 ) ល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នេះបន្ទាប់ទាំង ២ក្រុមនេះសុទ្ធតែទទួលរងបរាជ័យ ដូចគ្នាកាលពីប្រកួតដំបូង។

ក្នុងការប្រកួតបើកពូល ណាហ្គាវើលដ៍ ដែលបានទៅសួរសុក្ខទុក្ខក្រុមម្ចាស់ផ្ទះ Hanoi FC របស់វៀតណាម បានរងបរាជ័យដល់ទៅ ១០ទល់០ ស្របពេលដែល Yangon United រងបរាជ័យក្នុងដីខ្លួនឯងក្រោមថ្វីជើង Tampines Rovers របស់សិង្ហបុរី ដោយលទ្ធផល ១ទល់៣។

ជាមួយនឹងបរាជ័យ ១០ទល់០ បែបនេះគ្រូបង្វឹកនៃក្លឹបណាហ្គាវើលដ៍ លោក មាស ចាន់ណា បានបង្ហើបគន្លឹះកែប្រែផ្លូវចិត្តពីបរាជ័យប្រកួតដំបូង ដើម្បីត្រៀមសម្រាប់ប្រកួតល្ងាចនេះ ទល់នឹង Yangon United នៅពេលដែលត្រូវបានចោទសួរដោយអ្នកសារព័ត៌មាន។ «ទាក់ទងនឹងក្រុមមួយ ដែលក្នងលីគ២០១៨ យើងជាក្រុមដែលឈរជើងឯង ហើយជាក្រុមដែលទាត់ចូលគេច្រើនជាងគេ ហើយជាក្រុមដែលគេទាត់ចូលទីតិចបំផុត តែបែរជាបរាជ័យធ្ងន់ធ្ងរនៅទីក្រុងហាណូយ អច្ចឹងទាក់ទងនឹងផ្លូវចិត្តមួយនេះគឺ កីឡាករម្នាក់ៗគាត់សឹងទទួលយកអត់បាន ដោយសារវាលឿនពេក អច្ចឹងអ្វីដែលជាការផ្លាស់ប្ដូរផ្លូវចិត្តរបស់យើង គឺយើងត្រូវបំភ្លេចការប្រកួតមួយហ្នឹង ហើយយើងរំពឹងថាយើងនឹងធ្វើការប្រកួតមួយដែលថ្មី ហើយយើងថានេះជាមេរៀន ជាបទពិសោធរបស់យើង ហើយត្រូវដឹងថាកម្រិតកីឡាកររបស់ Hanoi គឺកីឡាករគាត់សឹងតែអាចនិយាយបានថា គឺលំដាប់ អច្ចឹងហើយយើងជឿថាយើងនៅមានកម្រិត ទាក់ទងនឹងយើងមានកម្រិត អច្ចឹងហើយយើងគួរយកអ្វីដែលយើងបានមកវិញជាបទពិសោធដើម្បីផ្លាស់ប្ដូរការហ្វឹកហាត់របស់យើង។» សម្ដីរបស់ លោក មាស ចាន់ណា។

គ្រូបង្វឹកវ័យ ៣៩ឆ្នាំរូបនេះ ក៏បានលើកឡើងពីក្ដីព្រួយបារម្ភបន្តិចបន្តួចផងដែរនៅក្នុងការប្រកួតជាមួយ ម្ចាស់ជើងឯកលីគកំពូលមីយ៉ាន់ម៉ា មួយនេះផងដែរជុំវិញ បញ្ហាសំណាង ជាពិសេសគឺនៅពេលដែលមានឱកាសប៉ុន្តែគ្មានសំណាង យ៉ាងណាក៏ដោយលោកនៅតែជឿជាក់ថាកូនក្រុមនឹងធ្វើបានល្អឆ្ងាយជាងពីប្រកួតមុន។ លោក មាស ចាន់ណា លើកឡើងយ៉ាងដូច្នេះថា៖ «អ្វីដែលជាការព្រួយបារម្ភរបស់ខ្ញុំ គឺបារម្ភខ្លាចតែយើងអត់មានសំណាងវិញ នៅពេលដែលយើងមានឱកាសហើយអត់មានសំណាង តែអ្វីដែលខ្ញុំជឿជាក់ ខ្ញុំជឿជាក់ថាកីឡាករខ្ញុំនឹងលេងល្អជាងការលេងនៅហាណូយ ឆ្ងាយ ដោយសារយើងមានការផ្លាស់ប្ដូរទម្រង់លេង ព្រោះទាក់ទងនឹងទម្រង់មួយនៅហាណូយ យើងប្ដូរថ្មី ទៅជាទម្រង់ថ្មីមួយទៀត អច្ចឹងខ្ញុំជឿថាយើងនឹងល្អជាងមុន។»

សូមរំលឹកជាថ្មីថា ណាហ្គាវើលដ៍ ត្រូវប៉ះម្ចាសផ្ទះ Yangon United នៅថ្ងៃទី១២ ខែមីនានេះ នាវេលាម៉ោង ៦:៣០ នាទីយប់ លើទីលានស្មៅសិប្បន្មិមិតនៃពហុកីឡដ្ឋានជាតិ ខណៈទូរទស្សន៍ BTV News ក៏នឹងធ្វើការផ្សាយផ្ទាល់ផងដែរ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់