ប្រធានក្លឹបបឹងកេត ក្លាយជាស្រ្តីដំបូងគេជាប់ឈ្មោះជាសមាជិកគណៈកម្មាធិការប្រតិបត្តិ ស.ប.ក

មាស សុផាណារ៉ុង March 11, 2019


 

ភ្នំពេញ៖ លោកស្រី ពុធ ធីតា និងលោក អ៊ុក សិទ្ធិជាតិ បានក្លាយជាសមាជិកគណៈកម្មាធិការប្រតិបត្តិ ២រូបថ្មី នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សម្រាប់អាណត្តិ ឆ្នាំ២០១៩២០២៣ ដែលទទួលបានសម្លេងគាំទ្រ ពីមហាសន្និបាតសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លើកទី១៣ ឆ្នាំ២០១៩ មុននេះ។

លោក អ៊ុក សិទ្ធិជាតិ ត្រូវបានចូលមកកាន់តំណែងជាថ្មីបន្ទាប់ពីរូបលោកផ្ទាល់ និងលោក ខៀវ ចិន្តាវ័ន្ត ដែលត្រូវផុតអាណត្តិ នឹងប្រកាសលាលែងពីតំណែង ជាមួយនឹងសមាជិកថ្មីប្រធានក្លឹបបាល់ទាត់បឹងកេត លោកស្រី ពុធ ធីតា ដែលជាស្រ្តីដំបូងគេក្លាយជាសមាជិកគណៈកម្មាធិការប្រតិបត្តិ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

ក្នុងដំណើរការបោះឆ្នោតដែលមាន សមាជិកដែលមានសិទ្ធបោះឆ្នោតចំនួន៣៧ ( មកពីសមាគម និងក្លឹបបាល់ទាត់នានានៅកម្ពុជា ) ខណៈបេក្ខភាពឈរឈ្មោះមានចំនួន៦រូប រួមមាន លោក អ៊ុក សិទ្ធិជាតិ ( ឈរឈ្មោះជាថ្មី ) លោកស្រី ពុធ ធីតា ( បឹងកេត ) លោក ខៀវ ចិន្តាវ័ន្ដ ( ឈរឈ្មោះជាថ្មី ) លោក ហុក សុចិត្រា ( វិសាខា ) លោក អៀង សាក់នីដា ( សូលទីឡូអង្គរ ) និងលោក ចាប សុខម៉េង ( បន្ទាយមានជ័យ ) ។

សម្លេងឆ្នោតជាផ្លូវការ គឺមានដូចខាងក្រោម៖

  • លោក  អ៊ុក សិទ្ធិជាតិ បានទទួលសម្លេងគាំទ្រចំនួន ៣២សម្លេង
  • លោកស្រី ពុធ ធីតា ទទួលបានសម្លេងគាំទ្រ ២៩សម្លេង
  • លោក ខៀវ ចិន្តាវ័ន្ដ ទទួលបាន ៣សម្លេង
  • លោក ហុក សុចិត្រា ទទួលបាន ៤សម្លេង
  • លោក អៀង សាក់នីដា ទទួលបាន ៦សម្លេង
  • លោក ចាប សុខម៉េង ពុំទទួលបានសម្លេងគាំទ្រឡើយ

លោកស្រី ពុធ ធីតា និងលោក អ៊ុក សិទ្ធិជាតិ

សូមបញ្ជាក់ថាគណៈកម្មាធិការប្រតិបត្តិនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាគឺមានសមាជិកចំនួន១១រូប ក្នុងនោះមានប្រធាន ១រូប និងអនុប្រធាន ១រូប បូករួមជាមួយសមាជិកគណៈកម្មាធិការប្រតិបត្តិ ចំនួន៩រូប៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់