ប្រមុខសហព័ន្ធកីឡាបាល់ទាត់កម្ពុជា គាំទ្រការបន្ដប្រើពាក្យ Offside និងជំរុញការបង្កើតពាក្យថ្មី!

មាស សុផាណារ៉ុង March 11, 2019


ភ្នំពេញ៖ ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ( ស.ប.ក ) បានប្រកាសគាំទ្រការបន្ដប្រើប្រាស់ពាក្យបច្ចេកទេស “Offside” ក្នុងវិស័យកីឡាបាល់ទាត់ដដែល ជាជាងការប្រើប្រាស់ពាក្យថ្មី “ជំហរក្រៅល្បែង” ដែលត្រូវបានអ្នកជំនាញអក្សរសាស្ដ្រខ្មែរ ព្យាយាមសម្រួលជាខេមរភាសា កាលពីពេលកន្លងទៅ។

ការថ្លែងរបស់ប្រមុខសហព័ន្ធនេះ បានធ្វើឡើងក្នុងមហាបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅសណ្ឋាហ្គាឌិនស៊ីធី នាព្រឹកថ្ងៃទី១១ ខែមីនានេះ។ ទន្ទឹមជាមួយគ្នា លោកក៏បានជំរុញ និងលើកទឹកចិត្តការបង្កើតពាក្យបច្ចេកទេសថ្មីៗជាខេមរភាសា ចៀសវាងការព្យាយាមបកប្រែពាក្យពេចន៍បច្ចេកទេសមានស្រាប់ ដែលសកលោកប្រើប្រាស់ទូទៅក្នុងវិស័យកីឡាបាល់ទាត់។

ឯកឧត្តមមានប្រសាសន៍ថា៖ «ខ្ញុំឃើញដូចជាមិនសូវមានការចាំបាច់អី ទៅបកប្រែពាក្យពេចន៍បច្ចេកទេស ក្នុងការលេងបាល់ទាត់ទេ ព្រោះវាមិនចាំបាច់ ។ រឿងមិនចាំបាច់ ឧទាហរណ៍៖ ឥលូវមានការបកប្រែពីពាក្យ “Offside” មកពាក្យ “ជំហរក្រៅល្បែង”…។ ចុះពាក្យថ្មីៗជាច្រើន មិនទាន់មាន ម៉េចក៏មិនបង្កើត? Offside គេបានដឹងទូទាំងពិភពលោក ដែលគេប្រើក្នុងបាល់ទាត់ ចឹងបើចាំបាច់ទេ ខ្ញុំស្នើមិនឲ្យមានការកែតម្រូវក្នុងបាល់ទាត់នោះទេ»។

ការអះអាងដូច្នេះ ដោយសារឯកឧត្តម សំអាងលើភាពជាសមាជិករបស់កម្ពុជា ដែលអាចប្រើប្រាស់ពាក្យពេចន៍បច្ចេកទេសក្នុងវិស័យបាល់ទាត់ ដែលពិភពលោកបានប្រើប្រាស់ដូចគ្នា។ តែយ៉ាងណាឯកឧត្តម បានលើកទឹកចិត្ត ដល់ការបង្កើតពាក្យពេចន៍បច្ចេកទេសជាភាសាខ្មែរថ្មីៗជាច្រើនទៀត ដែលមិនទាន់មាន ហើយយកមកប្រើប្រាស់វិញ៕

អត្ថបទ៖ បុត្រា

មតិយោបល់