កម្ពុជា ត្រៀមធ្វើម្ចាស់ផ្ទះ មហាសន្និបាតបាល់ទាត់អាស៊ាន ប្រចាំឆ្នាំ២០១៩ នៅចុងសប្ដាហ៍នេះ

មាស សុផាណារ៉ុង March 11, 2019


ភ្នំពេញ៖ នៅចុងសប្ដាហ៍នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ មហាសន្និបាតប្រចាំឆ្នាំ របស់សហព័ន្ធកីឡាបាល់ទាត់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( ASEAN  Football Federation ) ដែលមានប្រទេសចំនួន ១២ជាសមាជិក។

តាមការឱ្យដឹងពីមន្ត្រីសារព័ត៌មានរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ថា មហាសន្និបាតបាល់ទាត់អាស៊ីអាគ្នេយ៍ ប្រចាំឆ្នាំ២០១៩ គ្រោងនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី១៧ ខែមីនា ខាងមុខនេះ នៅសណ្ឋាគារមួយក្នុងទីរួមខេត្តសៀមរាប ជាមួយនឹងការយាង និងការអញ្ជើញចូលរួមពីសំណាក់ប្រមុខបាល់ទាត់ប្រចាំប្រទេសជាសមាជិកអាស៊ីអាគ្នេយ៍ ទាំង១២ រួមមាន អូស្ត្រាលី , ព្រុយណេ , កម្ពុជា , ឥណ្ឌូនេស៊ី , ឡាវ , ម៉ាឡេស៊ី , មីយ៉ាន់ម៉ា , ហ្វីលីពីន , សិង្ហបុរី , ថៃ , ទីម័រខាងកើត និងវៀតណាម។

មហាសន្និបាត នឹងធ្វើឡើងរយៈពេលតែ ១ថ្ងៃប៉ុណ្ណោះ ជាមួយនឹងការអនុម័តលើសេចក្ដីសម្រេចផ្សេងៗ ជាពិសេសគឺការបោះឆ្នោតជ្រើសរើសប្រធានថ្មី សម្រាប់អាណត្តិ ៥ឆ្នាំបន្តទៀត។ សូមបញ្ជាក់ថា មហាសន្និបាតប្រចាំឆ្នាំ របស់សហព័ន្ធកីឡាបាល់ទាត់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ គឺធ្វើឡើងជារៀងរាល់ឆ្នាំ ខណៈឆ្នាំ២០១៩នេះ គឺជាអាណត្តិចុងក្រោយសម្រាប់ឆ្នាំ ២០១៥២០១៩៕

រូបភាព៖ aseanfootball.org

អត្ថបទ៖ ណារ៉ុង

មតិយោបល់