មតិយោបល់របស់ លោក Felix ក្រោយការប្រកួតរវាងកម្ពុជា ជាមួយ បង់ក្លាដេស

មាស សុផាណារ៉ុង March 9, 2019


 

ភ្នំពេញ៖ ជម្រើសជាតិកម្ពុជា បានចាញ់ក្រុមជម្រើសជាតិបង់ក្លាដេស ក្នុងជំនួបមិត្តភាពកម្ដៅសាច់ដុំដោយលទ្ធផល ០ទល់១ ខណៈដែលគ្រាប់បាល់ ១គ្រាប់គត់ក្នុងការប្រកួតគឺកើតឡើងនៅនាទី៨៤ ក្បែរនឹងបញ្ចប់ការប្រកួតទៅហើយ។

ខណៈនៅក្រោយចប់ការប្រកួត លោក Felix Dalmas គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា បានមានមតិយោបល់ខ្លះជុំវិញការប្រកួតដ៏តាន់តឹងនេះ ។

លោក Felix Dalmas បានលើកឡើងក្នុងកិច្ចសម្ភាសន៍ថា៖ «យើងបានដឹងអំពីអ្វីដែលពួកគេបានធ្វើ ចង់សំដៅលើលើការលេងបាល់លើ គេគឺជាក្រុមដែលមានរាងកាយរឹងមាំ ជាមួយនឹងការបោះបាល់វែង ហើយយើងបានរៀបចំសម្រាប់វាផងដែរ យើងការពារបានល្អសម្រាប់រយៈពេល ៨៥នាទី អ្វីដែលសំខាន់យើងបានធ្វើការប្រយុទ្ធ ហើយនឹងគ្រប់គ្រងការប្រកួត យើងបានដឹងពីរបៀបនៃការយកគុណសម្បត្តិជាមួយនឹងការគ្រប់គ្រងបាល់ដែលយើងមាន និងរបៀបនៃការលេងរបស់យើង យើងត្រូវតែគិតដល់ការរកគ្រាប់បាល់។»

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ បានបន្តថា៖ «វាហាក់មិនមានសំណាងល្អសម្រាប់ថ្ងៃនេះ ប៉ុន្តែនៅមានរឿងជាច្រើនទៀតដែលត្រូវកែតម្រូវឲ្យរីកចម្រើន ហើយអ្វីដែលសំខាន់បំផុត យើងត្រូវតែសំដៅទៅមុខនូវអ្វីដែលយើងចង់ ក្រុមយុវជនមួយនេះបង្ហាញថាពួកគឹអាចប្រកួតប្រជែង និងគ្រាន់តែត្រូវការបទពិសោធន៍បន្តិចទៀត ដើម្បីរកគ្រាប់បាល់ និងពិតណាស់ដើម្បីលទ្ធផលល្អ។»

សូមរំលឹក ប្រកួតលើកដំបូងរបស់ក្រុមជម្រើសជាតិកម្ពុជា ក្នុងឆ្នាំ២០១៩ គឺបានត្រឹមលទ្ធផលបរាជ័យ ក្រោមថ្វីជើងបង់ក្លាដេស ដោយលទ្ធផល ០ទល់១ ដោយគ្រាប់របស់បង់ក្លាដេស ធ្វើបានសម្រេចដោយកីឡាករ Rabiul Hasan នៅនាទី៨៤៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់