គ្រូកម្ពុជា និងគ្រូបង់ក្លាដេស ថាបានស្វែងយល់ពីក្រុមរវាងគ្នាទៅវិញទៅមកហើយមុនប៉ះគ្នាល្ងាចនេះ

មាស សុផាណារ៉ុង March 9, 2019


 

ភ្នំពេញ៖ ការប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំរវាង កម្ពុជា ជាមួយ បង់ក្លាដេស នឹងមកដល់នៅល្ងាចថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩នេះ ខណៈមុនការប្រកួតទាំងគ្រូកម្ពុជា ក៏ដូចជាគ្របង់ក្លាដេស ថាបានស្វែងយល់ពីក្រុមរវាងគ្នាទៅវិញទៅមក។

នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតមកដល់កាលពីម្សិលមិញ លោក Felix Dalmas ដែលជាគ្រូបង្គោលកម្ពុជា ថាបានមើលការប្រកួតប៉ុន្មានប្រកួតរបស់បង់ក្លាដេស ហើយប្រទះឃើញនៅកីឡាករគួរឲ្យចាប់អារម្មណ៍ផងដែរ ខណៈគ្រូបង់ក្លាដេស លោក Jamie Day ក៏បានបង្ហើបថាបានមើលការប្រកួតខ្លះៗរបស់កម្ពុជា ដូចគ្នាជាមួយនឹងក្ដីរំពឹងសម្រាប់ការប្រកួត។

លោក Felix Dalmas បានលើកឡើងយ៉ាងដូច្នេះថា៖ «យើងបានឃើញការប្រកួតខ្លះៗរបស់ពួកគេ ហើយពិតណាស់គេគឺជាក្រុមដែលខ្លាំង ដែលអាចនាំឲ្យមានការប្រកួតប្រជែងខ្លាំង ហើយសរុបមកគេមកកីឡាករគួរឲ្យចាប់មួយចំនួន មានចំណុចគួរឲ្យចាប់អារម្មណ៍ច្រើនដែលពួកគេបានកំពុងធ្វើ ជាមួយនឹងគ្រូបង្វឹកដ៏ល្អ ដូច្នេះវានឹងក្លាយជាការប្រកួតដ៏ល្អសម្រាប់យើង។»

លោក Jamie Day វិញបានលើកស្រដៀងគ្នាថា៖ «ពិតណាស់ ខ្ញុំគិតថាគ្រប់គ្រូទាំងអស់សុទ្ធតែធ្វើការស្រាវជ្រាវព័ត៌មានអំពីគូប្រកួតរបស់ខ្លួន វាជាការងាររបស់ខ្ញុំ។ ពិតហើយយើងមានអារម្មណ៍ល្អ ដែលបានលេង និងតាមអ្វីដែលយើងធ្លាប់ធ្វើកន្លងមក យើងដឹងថាវានឹងក្លាយជាការប្រកួតដ៏តាន់តឹង …។ យើងបានស្រាវជ្រាវ និងមើលការប្រកួតរបស់កម្ពុជា ដែលធ្វើឲ្យយើងមានអារម្មណ៍ថាអាចឈ្នះការប្រកួត ដូចគ្នាក៏អាចចាញ់ការប្រកួតផងដែរ ប្រសិនបើយើងធ្វើមិនបានល្អ ដូច្នេះខ្ញុំសង្ឃឹមថាកីឡាកររបស់ខ្ញុំនឹងធ្វើបានល្អ។»

សូមរំលឹកជាថ្មីថា ការប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំរវាង ក្រុមជម្រើសជាតិកម្ពុជា ជាមួយ ក្រុមជម្រើសជាតិបង់ក្លាដេស នឹងធ្វើឡើងនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ នេះ នាវេលាម៉ោង ៦:៣០ នាទីល្ងាច លើវាលស្មៅសិប្បន្មិមិត្តនៃពហុកីឡដ្ឋានជាតិ ដោយនឹងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News ផងដែរ៕

 

អត្តបទ៖ ណារ៉ុង

មតិយោបល់