មូលហេតុដែល លោក Felix ជ្រើសរើសយក U22 កម្ពុជា មកចូលរួមជម្រើសជាតិឈុតធំ

មាស សុផាណារ៉ុង March 8, 2019


 

ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតតតាំងជាមួយ ក្រុមជម្រើសជាតិបង់ក្លាដេស ក្នុងជំនួបមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំស្អែកនេះ ខណៈសមាជិកទាំងមូលនៃជម្រើសជាតិកម្ពុជា គឺជាកីឡាករមកពីក្រុម U-22 កម្ពុជា ដែលទើបតែបញ្ចប់ការប្រកួតក្នុងពានប្រចាំតំបន់ និងត្រៀមសម្រាប់វគ្គជម្រុះ ពានជើងឯកទ្វីបអាស៊ី ​( AFC U-23 Championship 2020 ) នៅចុងខែមីនា ដែលការណ៍នេះត្រូវបានលោក Felix Dalmas បានបង្ហើបពីមូលហេតុយ៉ាងគួរឱ្យចាប់អារម្មណ៍ ក្នុងការកោះហៅមករួមក្រុមជម្រើសជាតិឈុតធំ។

ឆ្លើយឆ្លងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួត លោក Felix Dalmas បានលើកឡើងថា៖ «វាស្ថិតនៅក្នុងដំណើរការដែលយើងកំពុងដើរតាម។ នឹងឃើញដល់កាលពីឆ្នាំមុន នៅពេលយើងប្រកួតទល់នឹង វៀតណាម ក្នុងពាន AFF Suzuki Cup យើងបានប្រកួតជាមួយនឹងយុវជនពាក់កណ្ដាលនៃជម្រើស ១១នាក់ដំបូង ហើយវាគឺជាផ្នែកមួយនៃការបង្កើតឲ្យមានបទពិសោធន៍ ប្រសិនបើកីឡាករមានការរីកចម្រើន យើងត្រូវតែផ្ដល់គេនូវឱកាស ហើយយើងត្រូវតែជឿជាក់លើគេ ហើយខ្ញុំបាននឹងកំពុងដូចគ្នា ដូច្នេះចាប់តាំងពីពេលខ្ញុំជឿជាក់លើគេ ហើយនេះគឺជាឱកាសល្អសម្រាប់ពួកគេក្នុងការធ្វើឱ្យកាន់តែប្រសើរឡើង នឹងសម្លឹងទៅអនាគត នេះគឺជាមូលហេតុដែលយើងសម្រេចចិត្តប្រើប្រាស់កីឡាករអាយុក្រោម២២ឆ្នាំ និងសម្រាប់ពានរង្វាន់ចុងក្រោយ អាយុក្រោម២៣ឆ្នាំ។»

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនដដែលរូបនេះបានបន្តជុំវិញការមិនកោះហៅកីឡាករសំខាន់ៗ មួយចំនួនថា ដោយសារលោកចង់ឲ្យយុវជនទទួលបានបទពិសោធន៍ ខណៈដែរកីឡាករសំខាន់រាមច្បងសុទ្ធតែមានបទពិសោធ៍ បូកផ្សំជាមួយនឹងការពិបាកក្នុងការកោះហៅកីឡាករដែលប្រកបអាជីពនៅក្រៅប្រទេស គ្រាដែលការប្រកួតនេះមិនស្ថិតនៅក្នុងការប្រកួតដែលទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទាត់ពិភពលោក ( FIFA Day ) ផងដែរ។ លោករំពឹងថាអ្នកគាំទ្រនឹងយល់ស្ថានការណ៍នេះ ហើយនឹងរីករាយទស្សនាដូចដែលពួកគេបានរីករាយកាលពីការប្រកួតក្នុងពានកន្លងមក។

សូមបញ្ជាក់ជាថ្មីថា ការប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំរវាង ក្រុមជម្រើសជាតិកម្ពុជា ជាមួយ ក្រុមជម្រើសជាតិបង់ក្លាដេស នឹងធ្វើឡើងនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ នាវេលាម៉ោង ៦:៣០ នាទីល្ងាច លើវាលស្មៅសិប្បន្មិមិត្តនៃពហុកីឡដ្ឋានជាតិ ដោយនឹងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News៕

 

អត្តបទ៖ ណារ៉ុង

មតិយោបល់