Ganzberg Cup 2019 ចាប់ផ្តើមរដូវកាលទី៤ ចុងសប្តាហ៍នេះជាមួយនឹងរង្វាន់ ១៥០០០ដុល្លារ

នូ មករា March 12, 2019


ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដែលគេប្រសិទ្ធិនាមថាអធិរាជវាលស្មៅ “Ganzberg Cup 2019” រដូវកាលទី៤ នឹងចាប់ផ្ដើមនៅថ្ងៃទី១៦ ខែមីនានេះហើយ។ ជាមួយនឹងការចាប់ផ្ដើមរដូវកាលថ្មីនេះដែរ ក្រុមកណ្ដុរ ស ដែលជាក្រុមគ្រងតំណែងជាជើងឯករដូវកាលទី៣ ឆ្នាំ២០១៨នោះបានប្រកាសថានឹងប្រឹងប្រែងលេងឲ្យអស់ពីសមត្ថភាពដើម្បីរក្សាតំណែងនេះ ប៉ុន្តែទោះបីមានមហិច្ឆតារគ្រងតំណែងជើងឯកម្ដងទៀក៏ពិតមែនក៏មន្ត្រីគ្រប់គ្រងក្រុមខ្លាំងមួយនេះមិនហ៊ានអះអាងពីលទ្ធផលមុនពេលប្រកួតឡើយ។

លោក ស៊ីថូ ណាថាន់ ដែលជាប្រធានផ្នែកក្រុមហ៊ុនបណ្ដាញផ្សព្វផ្សាយកម្ពុជា CBS ដែលគ្រប់គ្រងស្ថានីយ៍ទូរទស្សន៍ចំនួន៣គឺ CNC-CTN និង MYTV នោះបានបញ្ជាក់ថា ការប្រកួតឆ្នាំនេះកាន់តែអស្ចារ្យជាងកាលពីឆ្នាំកន្លងមកដោយមានការប្រកួតជម្រុះចំនួន ៥ភូមិភាគនោះក្នុងមួយភូមិភាគយក ២ក្រុមដែលនៅកំពូលតារាងមកចូលរួម ដូច្នេះគឺមាន ១០ក្រុមមកពី ៥ភូមិភាគ។


សម្រាប់នៅរាជធានីភ្នំពេញដែលមានក្រុមច្រើនចូលរួមប្រកួតជម្រុះនោះគឺជ្រើសរើសយក ១៨ក្រុមចូលរួម និង ៤ក្រុមដែលលេងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីឆ្នាំចាស់នោះបានឡើងលេងក្នុងវគ្គ៣២ក្រុមដោយស្វ័យប្រវត្តិតែម្តង។ ៣២ក្រុមដែលឡើងមកលេងនៅរាជធានីភ្នំពេញនេះគឺលេងតាមរូបមន្តជួបគ្នា ២ដង ហើយបន្ទាប់ពីជួបគ្នា២ដងរួច ក្រុមដែលចាញ់គឺហាលអាវ ប៉ុន្តែក្នុងករណីដែលជួបគ្នា២ដងនៅតែស្មើគ្នានោះគឺត្រូវកាត់សេចក្ដីដោយការទាត់បាល់ប៉េណាល់ទីដើម្បីសម្រេចលទ្ធផលតែម្ដង។

សូមបញ្ជាក់ថា ការប្រកួតនឹងធ្វើនៅទីលាន T-Soccer រៀងរាល់យប់ថ្ងៃសៅរ៍ ហើយនឹងមិនមានវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រឡើយពោលគឺមានតែការប្រកួតផ្ដាច់ព្រ័ត្រប៉ុណ្ណោះ ដោយក្រុមដែលលើកពាននឹងទទួលបានរង្វាន់អមចំនួន ១៥.០០០ដុល្លារឯណោះ។ លោក Brune តំណាងក្រុមហ៊ុនស្រាបៀរហ្គេនស្ប៊ើកដែលជាអ្នកឧបត្ថម្ភព្រឹត្តិការណ៍នេះទាំងស្រុងនោះបានចាត់ទុកព្រឹត្តិការណ៍នេះថា ជាពេលវេលាដ៏វិសេសវិសាលបំផុតក្នុងអាណាចក្របាល់ទាត់ហ្គេនស្ប៊ើកហើយលោកបានកោតសរសើរ និងស្ញប់ស្ញែងនូវឆន្ទៈដ៏អង់អាចរបស់ក្រុមទាំង ៣២ដែលចូលរួម។

សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍កាលពីរដូវកាលទី១ក្រុមដានីញែល (Daniel) ជាក្រុមលើកពានដំបូងគេ បន្ទាប់មកនៅរដូវកាលទី២ បានទៅលើក្រុមស្រ៊ីជី (3G) និងរដូវកាលទី៣ ក្រុមកណ្ដុរ ស ជាអ្នកគ្រងជើងឯកវិញម្តង៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់