ទោះកម្ពុជាមិនមានកីឡាករឈុតធំ ប៉ុន្តែគ្រូបង់ក្លាដេស នៅតែចាត់ទុកការប្រកួតថ្ងៃស្អែកជាការប្រកួតតាន់តឹង

មាស សុផាណារ៉ុង March 8, 2019


 

ភ្នំពេញ៖ គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិបង់ក្លាដេស លោក Jamie Day បានចាត់ទុកការប្រកួតថ្ងៃស្អែកទល់នឹង ជម្រើសជាតិកម្ពុជា ក្នុងជំនួបមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំ ជាការប្រកួតតាន់តឹងបើទោះបីជាកម្ពុជា មិនមានកីឡាករឈុតធំមករួមក្រុមក៏ដោយ។

គ្រូបង្វឹកសញ្ជាតិអង់គ្លេសរូបនេះ បានដឹងពីក្រុមជម្រើសជាតិកម្ពុជា បានកោះហៅកីឡាករសុទ្ធសឹងតែជាយុវជន ខណៈកីឡាករឈុតធំដែលធ្លាប់តែលឺឈ្មោះមិនមានវត្តមានស្ទើរតែទាំងអស់។ បែបនេះក៏ដោយលោកនៅតែមាន​សុទិដ្ឋិនិយម​ចំពោះការប្រកួត។

«ពិតណាស់ សម្រាប់យើងប្រហែលជាកម្ពុជា មានភាពទន់ខ្សោយបន្តិច ប៉ុន្តែយើងប្រើប្រាស់កីឡាករមានបទពិសោធន៍ អាចជាគុណសម្បត្តិសម្រាប់យើង តែខ្ញុំគិតថាទោះបីជាយ៉ាងណា ការប្រកួតទល់នឹងកម្ពុជា នៅតែជាការប្រកួតដ៏តាន់តឹងសម្រាប់យើង ដូចដែលខ្ញុំធ្លាប់បាននិយាយ យើងទន្ទឹងរង់ចាំសម្រាប់ការប្រកួតនេះ យើងចង់ព្យាយាមឲ្យអស់ពីលទ្ធភាពដើម្បីឈ្នះការប្រកួត ប្រសិនបើកម្ពុជាមិនមានកីឡាករដែលមានបទពិសោធ៍ អច្ចឹងយើងត្រូវតែព្យាយាមដើម្បីយកចំណេញពីគុណវិបត្តិនេះ ប៉ុន្តែជាថ្មីម្ដងទៀតក្រុមកម្ពុជា នៅតែត្រូវបានជ្រើសរើសដោយគ្រូ យ៉ាងត្រឹមត្រូវដដែល ហើយពិតណាស់កីឡាករនឹងលេងដើម្បីចង់ឈ្នះការប្រកួត និងដើម្បីទាក់ចិត្តគ្រូបង្វឹកសម្រាប់ការកោះហៅចូលក្រុមជម្រើសជាតិលើកក្រោយៗទៀត ដូច្នេះយើងដឹងហើយគ្រប់ក្រុមជម្រើសជាតិទាំងអស់ សុទ្ធតែចង់ឈ្នះ ហើយយើងដឹងថាវាគឺជាការប្រកួតដ៏តាន់តឹង ដូច្នេះជាមួយនឹងការរៀបចំកន្លងមក យើងសង្ឃឹមថា យើងនឹងអាចឈ្នះ។» លោក Jamie Day បានលើកឡើងក្នុងសន្នីសីទសារព័ត៌មានមុនការប្រកួត។

សូមរំលឹកជាថ្មីថា ការប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំរវាង ក្រុមជម្រើសជាតិកម្ពុជា ជាមួយ ក្រុមជម្រើសជាតិបង់ក្លាដេស នឹងធ្វើឡើងនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ នាវេលាម៉ោង ៦:៣០ នាទីល្ងាច លើវាលស្មៅសិប្បន្មិមិត្តនៃពហុកីឡដ្ឋានជាតិ ដោយនឹងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News៕

 

អត្តបទ៖ ណារ៉ុង

មតិយោបល់