ពេជ្រ អូវ៉េន ប៉ងជាប់ជម្រើសជាតិកម្ពុជា ក្រោយចូលភ្នំពេញក្រោន

មាស សុផាណារ៉ុង March 7, 2019


 

ភ្នំពេញ៖ កីឡាករកូនកាត់ខ្មែរ-បារាំង ពេជ្រ អូវ៉េន ( Pich Owen ) បានតាំងចិត្តយ៉ាងមុតមាំក្នុងការជួយក្លឹបភ្នំពេញក្រោន ឆ្ពោះទៅសម្រេចគោលដៅ នារដូវកាលថ្មី ពិសេសដើម្បីសម្រេចបំណងចង់ក្លាយជាសមាជិកក្រុមជម្រើសជាតិកម្ពុជាតែម្ដង។

ខ្សែបម្រើកើតលើទឹកដីបារាំងរូបនេះ បានសម្ដែងការពេញចិត្តជាខ្លាំង ក្រោយបានចូលរួមជាមួយក្លឹបភ្នំពេញក្រោន ដោយសាររូបគេ ចាត់ទុកភ្នំពេញក្រោន គឺជាក្លឹបដ៏ល្អមួយនៅកម្ពុជា ។ ហេតុនេះ Owen បានប្ដេជ្ញាចិត្ត នឹងប្រើប្រាស់បទពិសោធន៍របស់ខ្លួនជួយក្លឹបភ្នំពេញក្រោន ដើម្បីទាក់ចិត្តដល់គ្រូបង្វឹកក្រុមជម្រើសជាតិផងដែរ។

ពេជ្រ អូវ៉េន បាននិយាយថា «ខ្ញុំមកទីនេះ អាលូវខ្ញុំនៅក្មេង ដូច្នេះការតាំងចិត្តយ៉ាងណា ខ្ញុំមិនទាន់ហ៊ានសន្យាទេ តែអ្វីដែលខ្ញុំធ្លាប់មានបទពិសោធន៍ នៅបារាំង ខ្ញុំនឹងយកមកជួយភ្នំពេញក្រោនឲ្យអស់ពីលទ្ធភាព ។ ម្យ៉ាងវិញទៀត ខ្ញុំក៏មានក្ដីសុបិនចង់ជាប់ជម្រើសជាតិដែរ ហេតុនេះខ្ញុំខំប្រឹងឲ្យបានខ្លាំង ទោះបីអាកាសធាតុនៅទីនេះ រាងក្ដៅបន្ដិចក៏ដោយ»។

គួរបញ្ជាក់ថា ពេជ្រ អូវ៉េន ត្រូវបានក្លឹបភ្នំពេញក្រោន នាំយកមកចូលរួម ដើម្បីត្រៀមរដូវកាលថ្មី ជាមួយកីឡាករកូនកាត់ខ្មែរ-បារាំងម្នាក់ទៀត គឺកីឡាករ Thomas Sam Sochenn កាលពីខែកុម្ភៈកន្លងទៅ។ បច្ចុប្បន្ន Owen មានវ័យ ២០ឆ្នាំ ហើយខ្សែបម្រើកណ្ដាលរូបនេះ ធ្លាប់លេងឲ្យក្រុមថ្នាលមួយចំនួន នៅបារាំង ដូចជាក្រុម AS Muret ឆ្នាំ២០០៩-២០១៥។ បន្ទាប់មកបានផ្ទេរទៅលេងនៅក្លឹប AS Tournefeuille ពីឆ្នាំ២០១៥-២០១៧ និងឆ្នាំ២០១៨ រូបគេបានផ្ទេរមកក្លឹប AS Lavernose មុនបន្ដដំណើរមកភ្នំពេញក្រោនពេលនេះ៕

 

រូបភាព៖ ភ្នំពេញក្រោន ​- Phnom Penh Crown FC

អត្ថបទ៖ បុត្រា

មតិយោបល់