ស.ប.ក បើកការធ្វើតេស្តយុវជនអាយុក្រោម១៥ឆ្នាំ ដើម្បី SEA Games 2023 រើសពីសាលាតម្រង់ទិស

មាស សុផាណារ៉ុង March 7, 2019


 

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ( ស.ប.ក ) បានបើកការធ្វើតេស្តយុវជនអាយុក្រោម១៥ឆ្នាំ ដើម្បីចូលរួមនៅសាលាបាល់ទាត់ជាតិបាទី ពីសាលាតម្រង់ទិស ២៥រាជធានីខេត្ត ដែលកំពុងប្រកួតក្នុងលីគយុវជនអាយុក្រោម១៥ឆ្នាំ​ រៀបចំដោយ ស.ប.ក ផ្ទាល់។

យុវជនសាលាតម្រង់ទិស ដែលកំពុងប្រកួតក្នុងលីគយុវជនអាយុក្រោម១៥ឆ្នាំ រៀបចំដោយ ស.ប.ក

យោងតាមលិខិត ស.ប.ក បានស្នើរសុំមន្ទីរអប់រំ យុវជន និងកីឡា ពី២៥រាជធានី-ខេត្ត ដែលជាអាណាព្យាបាលលើក្រុមសាលាតម្រង់ទិសទាំង ២៥រាជធានី-ខេត្ត នេះរៀងៗខ្លួន ដើម្បីបញ្ជូនកីឡាករក្នុង១ក្រុម ចំនួន៣នាក់ និងអ្នកចាំទី ១នាក់ មានឆ្នាំកំណើត ២០០៤-២០០៥ មកបោះជំរំធ្វើតេស្ត ដើម្បីជ្រើសរើសចូលស្នាក់នៅ និងហ្វឹកហាត់នៅក្នុងមជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិបាទី ត្រៀមកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ( SEA Games 2023 ) ដែលកម្ពុជាជាម្ចាស់ផ្ទះ។

តាមគម្រោងការបោះជំរំធ្វើតេស្តនេះ ធ្វើឡើងរយៈពេល២ថ្ងៃ គឺចាប់ផ្ដើមនៅថ្ងៃទី០៨ រហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិបាទី។

យុវជនអាយុក្រោម១៨ឆ្នាំ នៃសាលាបាល់ទាត់ជាតិបាទី ដែលបន្តហ្វឹកហាត់ដល់បច្ចុប្បន្ន

នេះគឺជាការរៀបចំយុវជនសាលាបាល់ទាត់ជាតិបាទី លើកទី៣ ចាប់តាំងពីចាប់ផ្ដើមលើកដំបូងនៅឆ្នាំ២០១៤ ដែលមានយុវជនមួយចំនួនធំបានចេញទៅប្រកបអាជីពនៅតាមបណ្ដាលក្លឹបនៃលីគកំពូលកម្ពុជា ខណៈការជ្រើសរើសលើកទី២ នៅឆ្នាំ២០១៦ និងបច្ចុប្បន្នកំពុងស្ថិតនៅក្រោមវ័យ១៨ឆ្នាំ ហើយបាននឹងកំពុងត្រៀមប្រកួតប្រជែងក្នុងលីគកំពូលកម្ពុជា រដូវកាល២០១៩ នេះផងដែរ។

សូមបញ្ជាក់ថា សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ដូចជា​ក្រសួងអប់រំ យុវជន ​និង​កីឡា រួម​ទាំង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ដៃ​គូ​ឧបត្ថម្ភ​នានា រួម​គ្នា​បង្កើត​សាលា​បាល់ទាត់​ជាតិ​នេះ​ឡើង​ ដែល​មាន​ទីតាំង​នៅ​ស្រុក​បាទី ខេត្ត​តាកែវ ដើម្បី​បណ្ដុះបណ្ដាល​កីឡាករ​ត្រៀម​ខ្លួន​​ប្រកួត​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​កីឡា​ស៊ីហ្គេម​ឆ្នាំ ២០២៣ ខាង​មុខ​ក្នុង​រាជធានី​ភ្នំពេញ ជាមួយនឹង​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​ទំនុក​បម្រុង​ដល់​កីឡាករ​ទាំង​អស់ តាំង​ពី​ស្នាក់នៅ ហូបចុក សិក្សា ព្យាបាល ហ្វឹកហាត់ ព្រម​ទាំង​ផ្ដល់​ជា​​សម្ភារៈ​ហ្វឹកហាត់ និង សំលៀកបំពាក់​​​កីឡា ដល់​កីឡាករ​ទាំង​អស់​ដែល​ស្នាក់​នៅ​ក្នុង​សាលា​បាល់ទាត់​ជាតិ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់