អង្គរថាយហ្គឺរ ប្ដេជ្ញារក្សាពានក្លឹបមានអ្នកទស្សនាការប្រកួតច្រើនជាងគេ ជាលើកទី២

មាស សុផាណារ៉ុង March 7, 2019


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ បានបង្ហាញនូវការត្រៀមខ្លួនហើយជាស្រេច ដើម្បីចូលរួមប្រកួតលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០១៩។ ទន្ទឹមជាមួយគ្នា ក្លឹបក៏បានកំណត់គោលដៅជាច្រើន ដែលក្លឹបត្រូវធ្វើក្នុងរដូវកាលថ្មី ក្នុងនោះក៏មានការប្ដេជ្ញាចិត្ត រក្សាពានក្លឹបមានទស្សនិកជនចូលរួមទស្សនាការប្រកួតច្រើនជាងគេ ជាលើកទី ២ ផងដែរ។

នេះបើតាមការលើកឡើងរបស់ប្រធានក្លឹប លោក Akihiro Kato ក្នុងកិច្ចប្រជុំផ្លូវការរបស់ក្លឹប ស្ដីពីការបើករដូវកាលថ្មី នៅសណ្ឋាគារសុខា កាលពីដើមសប្ដាហ៍កន្លងទៅ។ លោក Akihiro Kato បានបញ្ជាក់ថា «សម្រាប់រដូវកាលថ្មី ឆ្នាំ២០១៩ បុគ្គលិកប្រតិបត្តិរបស់ក្លឹបបានដាក់គោលដៅក្លាយជាក្លឹប ដែលមានចំនួនអ្នកគាំទ្រ និងអ្នកចូលទស្សនាច្រើនជាងគេ ក្នុងប្រទេសកម្ពុជា ជាលើកទី២ បន្ទាប់ពីក្លឹបអង្គរថាយហ្គឺរ បានក្លាយជាក្លឹបដែលមានចំនួនអ្នកគាំទ្រ និងអ្នកចូលទស្សនាច្រើនជាងគេ កាលពីឆ្នាំ២០១៨ ដើម្បីបង្កើតបរិយាកាសមួយធ្វើឲ្យកីឡាករអាច បញ្ចេញសមត្ថភាព ដល់កម្រិតកំពូលបាន ជាពិសេសអាចទាក់ទាញអ្នកគាំទ្របានច្រើន និងជួយដល់កីឡាករឲ្យមានកំលាំងទឹកចិត្ត ក្នុងការប្រកួត រហូតដល់នាទីចុងក្រោយ។»

បន្ថែមលើនេះ ក្លឹបយកកីឡដ្ឋានខេត្តសៀមរាប ធ្វើជាមូលដ្ឋាននេះ បានប្ដេជ្ញាចិត្ត នឹងធ្វើឲ្យការប្រកួតក្នុងដំបូងដោយត្រូវជួបក្រុម បឹងកេតអែហ្វស៊ី នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ អាចទាក់ទាញអ្នកចូលរួមទស្សនាយ៉ាងហោច ៥,០០០នាក់ទៀតផង។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៨ ទោះបីអង្គរថាយហ្គឺរ បានត្រឹមលេខ៨ នៃលីគកំពូលកម្ពុជា ប៉ុន្ដែពួកគេបានបំបែកកំណត់ត្រាជាក្លឹបមានទស្សនិកជនចូលរួមការប្រកួតច្រើនជាងគេ ទាំងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន និងលីគកំពូលកម្ពុជា ដោយទទួលបានអ្នកគាំទ្រចូលរួមទស្សនាចំនួន ១៧,៧៥២នាក់ឯណោះ។ ដោយឡែកសម្រាប់ជំនួបបើកឆាករដូវកាលថ្មីនេះវិញ ក្រុមអង្គរថាយហ្គឺរ នឹងត្រូវធ្វើការប្រកួតក្រៅដី ដោយត្រូវជួបក្រុម ក្រសួងការពារជាតិ នាថ្ងៃទី១៧ ខែមីនា សប្ដាហ៍ក្រោយ៕

 

រូបភាព៖ អង្គរថាយហ្គឺរ – Angkor Tiger Football Club

អត្ថបទ៖ បុត្រា

មតិយោបល់