ភ្នំពេញក្រោន បន្ថែមកីឡាករអាស៊ី បង្រ្គប់កូតាកីឡាករបរទេសជាផ្លូវការ

មាស សុផាណារ៉ុង March 6, 2019


 

ភ្នំពេញ៖ រសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសបង្ហាញសមាជិកបរទេសថ្មីជាជនជាតិអាស៊ី របស់ខ្លួនដើម្បីបង្រ្គប់កូតាកីឡាករបរទេសជាផ្លូវការ បន្ទាប់ពីបាននាំចូលកីឡាករចំណូលថ្មីជាហូរហែរ ជំនួសកីឡាករសញ្ជាតិកូរ៉េខាងត្បូង Tae Woong Kim ដែលបានសម្រេចចែកផ្លូវគ្នាដោយសារហេតុផលផ្ទាល់ខ្លួន កាលពីពាក់កណ្ដាលខែកុម្ភៈ។

កីឡាករបរទេសថ្មីនេះមានឈ្មោះថា Shuhei Mitsuhashi ជាកីឡាករសញ្ជាតិជប៉ុន មានវ័យ២៤ឆ្នាំ លេងក្នុងតួនាទីជាខ្សែបម្រើប្រយុទ្ធ។

កីឡាករលេងក្នុងតំណែងជាខ្សែបម្រើប្រយុទ្ធរូបនេះ បានចាប់ផ្តើមអាជីពបាល់ទាត់របស់ខ្លួន ជាមួយក្រុមថ្នាលរបស់ក្លឹប Shonan នៅអាយុ១២ឆ្នាំ នៅអាយុ១៥ឆ្នាំរូបគេបានចូលជាមួយក្លឹបបាល់ទាត់ Maebashi Ikuei បន្ទាប់មករូបគេបានចូលរួមជាមួយក្រុម Kanto Gakuin University ពីឆ្នាំ២០១៣ ដល់២០១៦ និងចុងក្រោយនេះលេងនៅក្លឹបបាល់ទាត់ Fukushima United ដែលជាលីគទីបីរបស់ប្រទេសជប៉ុន ដោយបង្ហាញខ្លួនបាន ២០ប្រកួត និងទាត់បាល់បញ្ជូលទីបាន ៣គ្រាប់ផងដែរ កាលពីឆ្នាំ២០១៧។

សូមបញ្ជាក់ថា ការចូលរួមរបស់ Shuhei Mitsuhashi ជាមួយភ្នំពេញក្រោន បានធ្វើឲ្យរូបគេក្លាយជាកីឡាករទី១៣ ដែលក្លឹបបាននាំមកសម្រាប់ត្រៀមរដូវកាល២០១៩ បន្ទាប់ពី ពុំ តុលា, ស៊ាន ភីសា, Paulo Victor, Leonardo Oliveira Tavares, Tae Woong Kim, វ៉ា សុខថន , នៅ សុសិលា , Jhonata Sant’anna និង Darlan Martins , សេង កុសែន , រៀម សុឹង និងកូនកាត់ខ្មែរបារាំង ២នាក់ចុងក្រោយ ថូម៉ាស សំសូឈិន ( Thomas Sam Sochenn ) និងកីឡាករពេជ្រ អូវេន ( Pich Owen)៕

 

រូបភាព៖ Phnom Penh Crown FC / Getty Image Masashi Hara – JL

អត្ថបទ៖ ណារ៉ុង

មតិយោបល់