ប្រាក់រង្វាន់លីគកំពូល និងពានសម្ដេចតេជោ រដូវកាលថ្មី មានសញ្ញាអាចដំឡើងច្រើនជាងឆ្នាំចាស់!

នូ មករា March 6, 2019


ភ្នំពេញ៖ លោក ឆាំង ពិសិដ្ឋ លេខាប្រតិបត្តិគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានបង្ហើបថា សម្រាប់ចំនួនប្រាក់រង្វាន់ ក្រុមជើងឯកលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន រដូវកាលថ្មី ឆ្នាំ២០១៩ នៅមិនទាន់មានការសម្រេចជាផ្លូវការនៅឡើយទេ ខណៈដែលបណ្តាក្លឹបក៏ដូចជាអ្នកគាំទ្រវិស័យបាល់ទាត់នៅកម្ពុជាកំពុងសំណូមពរ ក៏ដូចជាមានក្តីរំពឹងថា នឹងអាចមានការដំឡើងច្រើនជាងឆ្នាំកន្លងមក។

លោកលេខាប្រតិបត្តិរូបនេះ បានលើកឡើងថា៖ «ចំពោះប្រាក់រង្វាន់ ខ្ញុំរក្សានៅដដែល ដោយក្នុងបទបញ្ជាប្រកួត យើងបានសរសេរផងដែរថា សូមជូនដំណឹងនាពេលក្រោយ តែមានន័យថា មិនឲ្យទាបជាងអ្វីដែលយើងធ្លាប់មានទេ…។ សម្រាប់ប្រាក់រង្វាន់ ឯកឧត្តមប្រធានគណៈកម្មាធិការនាយក នឹងពិចារណាផ្ទៃក្នុងជាមួយសមាជិកប្រតិបត្តិ ហើយយើងនឹងចេញផ្សព្វផ្សាយប្រាក់រង្វាន់សម្រាប់លីគ និងពានសម្ដេចតេជោ ហ៊ុន សែន ប៉ុន្មានៗតាមក្រោយទៀត» ។

តាមរយៈការបញ្ជាក់ខាងលើ គឺសបញ្ជាក់ឲ្យឃើញនូវសញ្ញាវិជ្ជមានមួយ សម្រាប់វិស័យកីឡាបាល់ទាត់ជាតិ ដែលជំរុញឲ្យក្លឹបនីមួយៗ មានទឹកចិត្តប្រកួតប្រជែងកាន់តែខ្លាំង ។ មិនតែប៉ុណ្ណោះ វាក៏ជាការផ្ដល់ភាពកក់ក្ដៅ ចំពោះទឹកចិត្តអ្នកគាំទ្រ ដែលចង់ឃើញសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដំឡើងប្រាក់រង្វាន់ដល់ក្រុមជ័យលាភីផងដែរ។

យ៉ាងណាក៏ដោយ បើតាម លោក  ឆាំង ពិសិដ្ឋ នាពេលឆាប់ៗខាងមុខក៏នឹងមានការប្រកាសជាផ្លូវការពីការឧបត្ថម្ភគាំទ្ររបស់ក្រុមហ៊ុនមិត្តហ្វូន សម្រាប់ការប្រកួតលីគកំពូល និងរបស់ក្រុមហ៊ុនភេសជ្ជៈបុិបសុីសម្រាប់ពានសម្តេចតេជោ នៅក្នុងសន្និសីទសារព័ត៌មានមួយផ្សេងទៀតដែលក៏នឹងមានការប្រកាសអំពីចំនួនប្រាក់រង្វាន់ផងដែរនោះ។ ជាមួយគ្នានេះ អ្នកគាំទ្រមួយចំនួនមានជំនឿថា ចំនួនប្រាក់រង្វាន់ប្រាកដជាមានកើនឡើងជាមិនខាន ដូច្នេះហើយទើបមិនទាន់មានការប្រកាសនាថ្ងៃនេះដោយអាចនឹងបង្កើតភាពភ្ញាក់ផ្អើលនាពេលឆាប់ៗនេះវិញ៕

អត្ថបទ៖ បុត្រា

មតិយោបល់