លោក Lee Tae Hoon ចូលរួមជាមួយគ្រូរួមសញ្ជាតិ ដឹកនាំក្រុមជម្រើសជាតិវៀតណាម

មាស សុផាណារ៉ុង March 6, 2019


 

វៀតណាម៖ អតីតគ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា លោក Lee Tae Hoon បានចូលរួមជាមួយគ្រូរួមសញ្ជាតិកូរ៉េខាងត្បូង ក្នុងនាមជាគ្រូជំនួយ ដើម្បីដឹកនាំក្រុមជម្រើសជាតិវៀតណាម និង U-23 វៀតណាម ជាមួយ លោក Park Hang Seo នេះបើយោងតាមសារព័ត៌មានវៀតណាមចុះផ្សាយជាហូរហែរ។

លោក Park Hang Seo ទើបតែយល់ព្រមដឹកនាំក្រុមជម្រើសជាតិវៀតណាម អាយុក្រោម២២ឆ្នាំ ដើម្បីត្រៀមប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍ ( SEA Games 2019 ) នៅហ្វីលីពីន ចុងឆ្នាំនេះ បន្ទាប់ពីការស្នើរសុំរបស់រដ្ឋមន្ត្រីកីឡាវៀតណាម។ យ៉ាងណាមិញគ្រូបង្វឹកសញ្ជាតិកូរ៉ខាងត្បូង ដដែលរូបនេះ បានស្នើសុំបន្ថែមជំនួយការ ២រូប ហើយលោកបានចង្អុលបង្ហាញ លោក Lee Tae Hoon ដែលមានសញ្ជាតិកូរ៉ខាងត្បូងដូចគ្នា និងទើបតែកាន់ការងារជានាយកប្រតិបត្តិនៅក្លឹបនៃលីគកំពូលវៀតណាម Hoang Anh Gia Lai។

ទាក់ទងទៅនឹងមូលហេតុនៃការជ្រើសរើសយក លោក Lee Tae Hoon គ្រូបង្វឹក Park Hang Seo បានសង្កត់ធ្ងន់ទៅកាន់សហព័ន្ធកីឡាបាល់ទាត់វៀតណាមថា លោកចង់បានគ្រូដែលយល់ដឹងពីបាល់ទាត់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជាមួយនឹងការយល់ដឹងពីបាល់ទាត់ក្នុងតំបន់ច្រើន បន្ទាប់ពីធ្វើការជាច្រើនឆ្នាំជាមួយក្រុមជម្រើសជាតិកម្ពុជា ដូចនេះ លោក Lee Tae Hoon បានបំពេញតាមតម្រូវការនេះ។

មូលហេតុចំបង វៀតណាម មានគោលដៅឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣០ ( SEA Games 2019 ) នៅហ្វីលីពីន រួមជាមួយគោលដៅមួយចំនួនទៀត ដូចជាឆ្លងផុតវគ្គជម្រុះជើងឯកយុវជនអាស៊ីអាយុក្រោម២៣ឆ្នាំ និងការប្រកួតជម្រុះបាល់ទាត់ពិភពលោក ជាដើម ដែលតម្រូវឲ្យមានក្រុមគ្រូបង្វឹកជាច្រើន តាមតម្រូវការរបស់លោក។

បច្ចុប្បន្ន លោក Lee Tae Hoon ត្រូវបានដឹងថាបានរួមដំណើរជាមួយកីឡាករនៃក្លឹប Hoang Anh Gia Lai ៣រូប ទៅជំរំហ្វឹកហាត់ជាមួយ U-23 វៀតណាម នៅទីក្រុងហាណូយ ដើម្បីត្រៀមប្រកួតពាន រង្វាន់ជើងឯកយុវជនប្រចាំទ្វីបអាស៊ី វគ្គជម្រុះ ឆ្នាំ២០២០ ( 2020 AFC U-23 Championship qualification ) ប្រចាំពូល K គ្រោងនឹងធ្វើនៅពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ជាមួយ U-23 ថៃ , ឥណ្ឌូនេស៊ី និងព្រុយណេ ដើម្បីដណ្ដើមកៅអីទៅជុំផ្ដាច់ព្រ័ត្រ ដែលគ្រោងនឹងធ្វើនៅប្រទេសថៃ នាដើមឆ្នាំ២០២០ ខាងមុខ សម្រាប់ប្រជែងឱកាសបន្តទៀតទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ( 2020 Summer Olympic ) ដែលជប៉ុនធ្វើម្ចាស់ផ្ទះ នៅពាក់កណ្ដាលឆ្នាំ២០២០៕

 

ប្រភព៖ 24h.com.vn / bongda24h

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់