សៀង ចន្ធា រំពឹងជាប់ U23 ក្រោយមានការជំរុញពី Felix

នូ មករា March 6, 2019


ភ្នំពេញ៖ បន្ទាប់ពីបង្ហាញភាពលេចធ្លោរជាមួយក្រុមជម្រើសជាតិយុវជនក្រោមអាយុ ២២ឆ្នាំកម្ពុជា កាលពីថ្មីៗ ខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា បានបង្ហាញនូវក្ដីរំពឹង នឹងបន្ដជាប់ក្រុមជម្រើសជាតិ U23 កម្ពុជាបន្ដទៀត ដើម្បីមានឱកាសជួយក្រុមជម្រើសជាតិ និងអភិវឌ្ឍន៍សមត្ថភាពខ្លួនបន្ថែម ស្របពេលលោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានបង្ហើបថា នឹងផ្ដល់ឱកាសដល់ពួកគេជាថ្មី។

យុវជនមកពីសាលាបាល់ទាត់ជាតិបាទីរូបនេះ និយាយថា៖ «ការបង្ហាញខ្លួនកន្លងមក(U22) ខ្ញុំធ្វើបានប្រហែល ៥០ ទៅ ៦០%ប៉ុណ្ណោះ ដោយសារកម្លាំង និងកាយសម្បទាខ្ញុំចាញ់ប្រៀបគេ តែខ្ញុំនៅតែមានសង្ឃឹមជាប់ក្រុមជម្រើសជាតិ U23 ហើយខ្ញុំនឹងខិតខំប្រឹងប្រែងហ្វឹកហាត់ឲ្យបានល្អ ដើម្បីឲ្យខ្លួនខ្ញុំកាន់តែរីកចម្រើន…។ ចំពោះលោកគ្រូ គាត់បានប្រាប់កីឡាករទាំងអស់ឲ្យខិតខំហ្វឹកហាត់តាមក្លឹបរៀងៗខ្លួន ហើយគាត់នឹងផ្ដល់ឱកាសដល់យើងម្ដងទៀត»

ក្រោយជួយក្រុម U22 កម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ៤ និងពាន Fair-Play នៃពាន AFF U22 Championship 2019 សៀង ចន្ធា ចាត់ទុកនេះគឺជាឱកាសដ៏ល្អ សម្រាប់ការបង្ហាញសមត្ថភាព និងដកស្រង់បទពិសោធន៍ មកអភិវឌ្ឍសមត្ថភាពខ្លួនបន្ថែម ។ ចន្ធា អះអាងថា នឹងរក្សាឱកាសមួយនេះ តាមរយៈការខិតខំហ្វឹកហាត់កាន់តែខ្លាំង ដើម្បីរួមចំណែកជួយក្រុមជម្រើសជាតិកម្ពុជាជារៀងរហូត ។

គួរបញ្ជាក់ថា បច្ចុប្បន្ន សៀង ចន្ធា ក៏ដូចជាសមាជិកក្រុម U22 កម្ពុជាទាំងអស់ សុទ្ធតែត្រូវបានកោះហៅចូលក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀមប្រកួតមិត្តភាពជាមួយបង់ក្លាដេស នាថ្ងៃទី០៩ ខែមីនាខាងមុខ ។ តាមរយៈការប្រកួតមិត្តភាពនេះ ក៏សរបញ្ជាក់ឲ្យឃើញថា សមាជិកក្រុម U22 កម្ពុជាទាំងអស់ សុទ្ធតែមានឱកាសជាប់ក្រុម U23 ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះពូល H នៃពានរង្វាន់ AFC U23 Championship 2020 ជាមួយក្រុមកូរ៉េខាងត្បូង អូស្ដ្រាលី និងឆាយនីសតៃប៉ិ ចាប់ពីថ្ងៃទី២២-២៦ ខែមីនាផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់