ខ្លះៗអំពីការផ្លាស់ប្ដូរមួយចំនួននៃការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០១៩

មាស សុផាណារ៉ុង March 6, 2019


 

ភ្នំពេញ៖ ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០១៩ នឹងចាប់ផ្ដើមនៅពាក់កណ្ដាលខែមីនា នេះ ខណៈនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីការប្រកាសបើករដូវកាលថ្មីឆ្នាំ២០១៩ នៃពានសម្តេចតេជោ ហ៊ុន សែន និងលីគកំពូលកម្ពុជា មានធ្វើការបង្ហាញខ្លះៗអំពីការផ្លាស់ប្ដូរមួយចំនួននៃការប្រកួត។

– មិនមានការប្រកួតនៅពហុកីឡដ្ឋានជាតិទៀតឡើយ ពោលគឺនឹងធ្វើនៅតាមម្ចាស់ផ្ទះរៀងខ្លួន ដូចជា៖

  • ភ្នំពេញក្រោន ប្រើប្រាស់កីឡដ្ឋាន RSN
  • ស្វាយរៀង ប្រើប្រាស់កីឡដ្ឋាន ខេត្តស្វាយរៀង
  • ការពារជាតិ ប្រើប្រាស់កីឡដ្ឋាន កងយោធពលខេមរភូមិន្ទ ( ស្តាតចាស់ )
  • វិសាខា ប្រើប្រាស់កីឡដ្ឋាន វិសាខា
  • អាស៊ិអឺរ៉ុបយូណាយធីត ប្រើប្រាស់កីឡដ្ឋាន AEU Sport Park
  • អគ្គីសនីកម្ពុជា ប្រើប្រាស់កីឡដ្ឋាន អគ្គិសនី
  • សូលទីឡូអង្គរ អង្គរថាយហ្គឺរ ប្រើប្រាស់កីឡដ្ឋាន ខេត្តសៀមរាប ( ស្វាយធំ )
  • យុវជនសាលាបាទី ប្រើប្រាស់កីឡដ្ឋាន នៅមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី
  • គីរីវង់សុខសែនជ័យ ប្រើប្រាស់កីឡដ្ឋាន ខេត្តតាកែវ

ដោយឡែកក្លឹបដែលមិនទាន់មានកីឡដ្ឋានផ្ទាល់ខ្លួន និងខ្ចីកីឡដ្ឋានបណ្ដោះអាសន្នប្រើប្រាស់សិនដូចជា៖

  • ណាហ្គាវើល ប្រើប្រាស់កីឡដ្ឋានស្តាតចាស់ ( គម្រោងកីឡដ្ឋានខេត្តកំពង់ស្ពឺ ស្ថិតក្នុងការសាងសង់ )
  • បឹងកេត សុំប្រកួតក្រៅទឹកដី ៣ប្រកួតសិន ( កីឡដ្ឋានរបស់ខ្លួននឹងរួចរាល់នៅ ២ខែខាងមុខ )
  • អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រើប្រាស់កីឡដ្ឋានអគ្គីសនីកម្ពុជា ( កីឡដ្ឋាន 7NG របស់ខ្លួនកំពុងស្ថិតក្នុងតំណាក់កាលនៃការសាងសង់ )
  • កំពង់ចាម ​​ប្រើប្រាស់ទីលាន វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន មេមត់ ( កីឡដ្ឋានខេត្តកំពង់ចាម មិនទាន់ដំណើរការសាងសង់ )

– រូបមន្តប្រកួត៖

ការប្រកួតដែលចំណាយពេលរហូតដល់ ២៦សប្ដាហ៍ ស្មើនឹង ១៨២ប្រកួត ក្រុមដែលមានពិន្ទុលើគេ ក្រោយប្រកួត២៦ប្រកួត នឹងលើកពានរង្វាន់លីគកំពូលកម្ពុជា ផ្ទាល់តែម្ដង ដោយពុំមានការប្រកួត ( Play-off ) ឡើយ។

សម្រាប់រូបមន្តក្នុងការគិតចំណាត់ថ្នាក់ ប្រៀបធៀបក្រុមដែលមានពិន្ទុស្មើគ្នា ត្រូវគិតដល់ទី១ គ្រាប់ចំណេញ ទី២ គ្រាប់ទាត់ចូលគូប្រកួត ទី៣ ជំនួបប៉ះគ្នារវាងក្រុមប្រៀបធៀប ( Head to Head ) និងទី៤ គោលការណ៍លេងដោយយុត្តធម៌ កាតលឿង កាត់ក្រហម តិចជាងគេ ( Fair Play )។

– ចំនួនកីឡាករបរទេស នៅក្នុងការប្រកួត៖

រដូវកាលកន្លងមក កីឡាករបរទេសនៅទាំងក្នុងទីលានប្រកួត និងនៅកៅអីបម្រុងគឺអនុញ្ញាតិឲ្យបានតែ ៤នាក់ប៉ុណ្ណោះ ក្នុងចំណោម៥នាក់ ប៉ុន្តែចាប់ពីរដូវកាលនេះ គឺអនុញ្ញាតិឲ្យចូលរួមការប្រកួតបានទាំង៥រូប ប៉ុន្តែអាចចូលប្រកួតបានតែ ៤រូបដដែល ជាមួយគោលការណ៍ ៣+១ ( កីឡាករក្រៅពីសញ្ជាតិអាស៊ី ៣រូប + កីឡាករអាស៊ី ១រូប )

– ម៉ោងប្រកួត៖

ម៉ោងប្រកួតបែងចែកចេញជា២ ដដែល ពោលគឺម៉ោងដំបូង ចាប់ផ្ដើមនៅម៉ោង ៣:៣០ នាទីរសៀល និងប្រកួតបន្ទាប់នៅម៉ោង ៦​:០០ ល្ងាច។ ការប្រកួតផងដែរ ធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

សូម​បញ្ជាក់​ថា​ សម្រាប់កាលបរិច្ឆេទនៃការប្រកួតលីគកំពូលរដូវកាល២០១៩ គឺគ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី១៦ ខែមីនា ដោយចំណាយពេលប្រកួត ២៦សប្ដាហ៍ ស្មើនឹង ១៨២ប្រកួត ហើយនឹងបញ្ចប់នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩។ លីគកំពូលកម្ពុជា រដូវកាលចុងក្រោយបង្អស់មានក្រុមចំនួន ១២ចូលរួមប្រកួត ខណៈជើងឯកគឺបានទៅលើ ណាហ្គាវើល ស្របពេលដែលក្រុមត្រូវកាត់ចេញគឺ វេស្ទើនភ្នំពេញ ក្រោយមកក៏ប្រកាសដកខ្លួនពីលីគ បន្ទាប់ទទួលបានឱកាសឲ្យបន្តលេងក្នុងលីគគ្រាដែល លីគលំដាប់ទី២ កម្ពុជា មិនដំណើរការ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់