កីឡាករ ២៣នាក់របស់ជម្រើសជាតិបង់ក្លាដេស ភាគច្រើនជាយុវជនត្រៀមមកទឹកដីកម្ពុជា ថ្ងៃនេះ

មាស សុផាណារ៉ុង March 6, 2019


 

បង់ក្លាដេស៖ ក្រុមបាល់ទាត់ជម្រើសជាតិបង់ក្លាដេស បានធ្វើការប្រកាសបញ្ជីឈ្មោះកីឡាករ ២៣រូបជាផ្លូវការហើយ ដើម្បីមកប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំ ជាមួយក្រុមជម្រើសជាតិកម្ពុជា នៅរាជធានីភ្នំពេញ ចុងសប្ដាហ៍នេះ ខណៈកីឡាករ ២៣រូបនោះភាគច្រើនជាយុវជន។

ក្រោមការដឹកនាំពីសំណាក់គ្រូបង្វឹកសញ្ជាតិអង់គ្លេស លោក Jamie Day បានកោះហៅកីឡាករសរុប ២៣នាក់ ខណៈអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះភាគច្រើននៃសមាជិកទាំង ២៣រូប គឺជាកីឡាករយុវជន ពោលគឺមានអាយុលើ ២៣ឆ្នាំតែ ៩នាក់ប៉ុណ្ណោះ និងក្រៅពីនេះសុទ្ធតែជាយុវជនអាយុក្រោម២៣ឆ្នាំ នេះបើយោងតាមបញ្ជីឈ្មោះដែលបន្ទាន់សម័យកាល ( Update ) ដោយសហព័ន្ធកីឡាបាល់ទាត់បង់ក្លាដេស។

កីឡាករទាំង ២៣នាក់ដែលត្រូវបានជ្រើសរើសនេះភាគច្រើនមកពីក្លឹបដែលបច្ចុប្បន្នកំពុងកាន់ចំណាត់ថ្នាក់កំពូលតារាងនៃលីគកំពូលបង់ក្លាដេស Bashundhara Kings ( មាន៨នាក់ ) និងមកពីក្លឹបដែលជោគជ័យជាងគេនៅលីគកំពូលដដែលនេះ Dhaka Abahani ( មាន៦នាក់ ) និងមួយចំនួនទៀតមកពីក្រុមបច្ចុប្បន្នកំពុងឈរនៅលេខ៣ និងលេខ៤ នៃលីគ។

តាមគម្រោង សមាជិកទាំង ២៣រូបនេះ បូករួមជាមួយថ្នាក់ដឹកនាំ និងក្រុមគ្រូបង្វឹក គ្រោងធ្វើមកកម្ពុជា នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ នេះ ដើម្បីត្រៀមប្រកួតនៅ ៣ថ្ងៃបន្ទាប់។

សូមបញ្ជាក់ជាថ្មីថា ការប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំរវាង ក្រុមជម្រើសជាតិកម្ពុជា ជាមួយ ក្រុមជម្រើសជាតិបង់ក្លាដេស នឹងធ្វើឡើងនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ នាវេលាម៉ោង ៦:៣០ នាទីល្ងាច លើវាលស្មៅសិប្បន្មិមិត្តនៃពហុកីឡដ្ឋានជាតិ ដោយនឹងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News៕

 

រូបភាព៖ BFF – សហព័ន្ធកីឡាបាល់ទាត់បង់ក្លាដេស

អត្តបទ៖ ណារ៉ុង

មតិយោបល់