មុនឡើងមកប្រកួតមិត្តភាពជាមួយ កម្ពុជា គ្រូជម្រើសជាតិបង់ក្លាដេស និយាយ ២ចំណុចគួរឲ្យចាប់អារម្មណ៍

មាស សុផាណារ៉ុង March 5, 2019


 

បង់ក្លាដេស៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវទទួលស្វាគមន៍ ក្រុមបាល់ទាត់ជម្រើសជាតិបង់ក្លាដេស ក្នុងជំនួបមិត្តភាពកម្ដៅសាច់ដុំ នាចុងសប្ដាហ៍នេះ ខណៈមុនការប្រកួតមកដល់គ្រូនៃក្រុមជម្រើសជាតិបង់ក្លាដេស បានលើកឡើង២ចំណុចសំខាន់ ដើម្បីត្រៀមប៉ះម្ចាស់ផ្ទះ គោព្រៃកម្ពុជា។

លោក Jamie Day ដែលទទួលបានតួនាទីជាគ្រូបង្គោល ក្រុមជម្រើសជាតិបង់ក្លាដេស កាលពីខែឧសភា ឆ្នាំ២០១៨ បានទទួលស្គាល់ថា លោកទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសហព័ន្ធកីឡាបាល់ទាត់បង់ក្លាដេស ហើយរីករាយជាមួយនឹងសេរីភាពពេញលេញ នៅក្នុងការសម្រេចចិត្ត និងការកោះហៅកីឡាករដែលល្អៗសម្រាប់ក្រុម ។

ជុំវិញមតិយោបល់ចំពោះគូប្រកួតកម្ពុជា លោក Jamie Day បានមានប្រសាសន៍ថា៖ «យើងដឹងថា ការប្រកួតទល់នឹងកម្ពុជា គឺជាការប្រកួតដ៏ពិបាកមិនខាន ប៉ុន្តែយើងនឹងព្យាយាម ដើម្បីឈ្នះការប្រកួត នេះគឺជាអ្វីដែលយើងត្រៀមរៀបចំធ្វើ។ អ្នកដឹងទេ អ្នកអាចទទួលបានពិន្ទុខ្លះសម្រាប់ចំណាត់ថ្នាក់ពិភពលោក ពីការប្រកួតនេះ ហើយនេះគឺជាអ្វីដែលយើងត្រូវតែព្យាយាមដើម្បីឡើងចំណាត់ថ្នាក់នៅមុនខែមិថុនា ដូច្នេះយើងនឹងទៅទីនោះដើម្បីចេតនាតែមួយគត់គឺ ឈ្នះ។» 

គ្រូបង្វឹកនៃក្រុមជម្រើសជាតិបង់ក្លាដេស បានជ្រើសរើសក្រុម ២ផ្សេងពីគ្នារួចរាល់ហើយ ពោលគឺសម្រាប់ក្រុមជម្រើសជាតិឈុតធំផ្សេង និងក្រុមយុវជនអាយុក្រោម២៣ឆ្នាំ ផងដែរ នេះបើតាមការបញ្ជាក់នៅលើវិបសាយផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសមកពីតំបន់អាស៊ីភាគខាងត្បូងមួយនេះ។

នៅពេលសួរនាំអំពីផែនការនៃដំណើរការជ្រើសរើសកីឡាករគ្រូបង្វឹកសញ្ជាតិអង់គ្លេសរូបនេះបានបន្តថា៖ «ដំណើរការជ្រើសរើសត្រូវបានផ្អែកលើការបង្ហាញទម្រង់លេងកន្លងមករបស់កីឡាករជាមួយក្រុមជម្រើសជាតិ។ ហើយបន្ទាប់មកទម្រង់លេងរបស់ពួកគេនៅក្នុងលីគចាប់តាំងពីពេលដែលខ្ញុំបានមកដល់ទីនេះ។ ខ្ញុំគិតថាភាគច្រើននៃពួកគេ បានលេងទៀងទាត់។ ខ្ញុំគិតថាវាសំខាន់ណាស់។ ពិតណាស់ មានកីឡាករមួយចំនួន មិនអាចលេងបានទៀងទាត់ខណៈដែលពួកគេរងរបួស ប៉ុន្តែខ្ញុំមានអារម្មណ៍ថាពួកគេលេងបានល្អមុនពេលរងរបួស។»

សូមបញ្ជាក់ជាថ្មីថា ការប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំរវាង ក្រុមជម្រើសជាតិកម្ពុជា ជាមួយ ក្រុមជម្រើសជាតិបង់ក្លាដេស នឹងធ្វើឡើងនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ នាវេលាម៉ោង ៦:៣០ នាទីល្ងាច លើវាលស្មៅសិប្បន្មិមិត្តនៃពហុកីឡដ្ឋានជាតិ ដោយនឹងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News៕

 

រូបភាព៖ BFF – សហព័ន្ធកីឡាបាល់ទាត់បង់ក្លាដេស

អត្តបទ៖ ណារ៉ុង

មតិយោបល់