បឹងកេត ទៅបោះជំរុំនៅកំពត មុនរដូវកាលថ្មីមកដល់!

នូ មករា March 4, 2019


ភ្នំពេញ៖ ក្រុមជើងឯករងបឹងកេតអែហ្វស៊ី បានប្រកាសធ្វើដំណើរទៅបោះជំរុំហ្វឹកហាត់រយៈពេល ៥ថ្ងៃ នៅលើទឹកដីខេត្តកំពត ចាប់ពីថ្ងៃទី០៤-០៨ ខែមីនា ឆ្នាំ២០១៩ ដើម្បីពង្រឹងសមត្ថភាពត្រៀមរដូវកាលថ្មីឆាប់ៗខាងមុខ។

តាមការបញ្ជាក់លើគេហទំព័រផ្ទាល់ខ្លួន បឹងកេតបានសរសេរថា៖ «នៅក្នុងបេសកកម្មដ៏សំខាន់នេះ ក្រុមកីឡាករ និងគ្រូបង្វឹករបស់យើង មានកម្មវិធីជាច្រើនដូចជា ធ្វើការហ្វឹកហាត់ ហើយក៏នឹងមានការប្រកួតមិត្តភាព ១លើកផងដែរ ជាមួយក្រុមបាល់ទាត់ បូរីរ័ត្ន អេហ្វស៊ី ដែលនឹងប្រព្រឹត្តិទៅក្នុងថ្ងៃទី៧ នៅឯទីលានបាល់ទាត់ខេត្តកំពត»។


ចំពោះគោលបំណងសំខាន់ ក្នុងការបោះជំរុំហ្វឹកហាត់ នៅខេត្តជាប់មាត់សមុទ្រនេះដែរ គឺដើម្បីពង្រឹងបន្ថែមនូវការត្រៀមខ្លួនឱ្យកាន់តែល្អ មុនរដូវកាលកាលថ្មី នៃលីគកំពូលកម្ពុជាចាប់ផ្តើម នាពាក់កណ្ដាលខែមីនា ឆ្នាំ២០១៩ ខាងមុខ។

គួរបញ្ជាក់ថា ការត្រៀមរដូវកាលថ្មីនេះ បឹងកេត ហាក់មានផែនការផ្ទុយពីក្លឹបមួយចំនួន ដែលនិយមទៅបោះជំរុំហ្វឹកហាត់ក្រៅស្រុក ដោយពួកគេ បានយកសកម្មភាពក្នុងស្រុក គឺជាគោលទៅវិញ ជាក់ស្ដែងមុនប្រកាសទៅបោះជំរុំហ្វឹកហាត់ នៅកំពត បឹងកេតក៏បានរៀបចំដំណើរលក្ខណៈកម្សាន្ដ នៅខេត្តកំពង់ស្ពឺ(ភ្នំគិរីរម្យ) និងកម្មវិធី Football Clinic នៅខេត្តកំពង់ចាមផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់