គ្រូបឹងកេត ទុកក្រុមទាំងអស់សុទ្ធសឹងជាគូប្រជែងរបស់ខ្លួនក្នុងលីគកំពូលកម្ពុជា រដូវកាលនេះ

មាស សុផាណារ៉ុង March 4, 2019


 

ភ្នំពេញ៖ គ្រូបង្វឹកនៃក្លឹបបាល់ទាត់បឹងកេត លោក ហៅ សុជាតិ បានចាត់ទុកគ្រប់ក្រុមទាំងអស់ដែលជាសមាជិកត្រូវប្រកួតក្នុងលីគកំពូលកម្ពុជា គឺជាគូប្រជែងដណ្ដើមពានរបស់ខ្លួន សម្រាប់រដូវកាល ២០១៩នេះ។

ការណ៍លើកឡើងបែបនេះ គឺបន្ទាប់ពីបានមើលឃើញសម្ទុះនៃការប្រឹងប្រែងរបស់ក្រុមនីមួយៗនៅរដូវកាល២០១៩ ហាក់មានការប្រែប្រួលខ្លាំង ជាពិសេសគឺការនាំចូលកីឡាករល្អៗ តាមក្រុមរៀងៗខ្លួនដែលត្រូវតតាំងគ្នាដណ្ដើមពានរង្វាន់លីគកំពូលកម្ពុជា គ្រោងនឹងចាប់ផ្ដើមនៅពាក់កណ្ដាលខែមីនានេះ។

លោក ហៅ សុជាតិ បានលើកឡើងយ៉ាងដូច្នេះថា៖ «ចំពោះខ្ញុំ ឆ្នាំនេះគឺគូប្រជែង គឺគ្រប់តែក្លឹបគាត់រៀបចំមែនទែន ហើយគ្រប់ក្លឹបទាំងអស់ គឺគ្រប់ការប្រកួតសំខាន់មែនទែនក្នុងការយកពិន្ទុ ក្នុងមួយប្រកួត ទៅមួយប្រកួត។ ខ្ញុំគិតថាគ្រប់ក្រុមគឺជាឧបសគ្គសម្រាប់ខ្ញុំទាំងអស់ ព្រោះខ្ញុំមើលទៅការរៀបចំរបស់គាត់គឺល្អមែនទែនជាងឆ្នាំមុន។»

មានយោបល់ជុំវិញភាពទាក់ទាញនៃលីគកំពូលកម្ពុជារដូវកាល ២០១៩ គ្រូបង្វឹកដែលជួយឲ្យបឹងកេតឈ្នះជើងឯកលីគ កាលពីឆ្នាំ២០១៧រូបនេះ បានសម្ដែងក្ដីរំពឹងថា លីគឆ្នាំនេះនឹងកាន់តែល្អមើលជាងឆ្នាំកន្លងមក ដោយសារក្លឹបជាច្រើនមានការរៀបចំបានយ៉ាងល្អ និងមានកីឡាករល្អៗជាច្រើន ដែលអាចនាំឲ្យលីគមានភាពកាន់តែគួរឲ្យជក់ចិត្ត។

សូមបញ្ជាក់ថា ការប្រកួតលីគកំពូលកម្ពុជា រដូវកាល២០១៩ នឹងមានការបង្កើនចំនួនក្រុមរហូតដល់ ១៤ក្លឹប ដែលនេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្របាល់ទាត់លីគកម្ពុជា ដែលមានចំនួនក្រុមច្រើនបែបនេះ គ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី១៦ ខែមីនា ដោយចំណាយពេលប្រកួត ២៦សប្ដាហ៍ ស្មើនឹង ១៨២ប្រកួត ហើយនឹងបញ្ចប់នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ នេះបើសិនជាគ្មានអ្វីប្រែប្រួល៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់