កែវ សុខសិលា ប្រាប់ហេតុផល បានលេងត្រឹម ១ប្រកួតក្នុងពាន AFF U22!

នូ មករា March 2, 2019


ភ្នំពេញ៖ អ្នកចាំទីក្រុមជម្រើសជាតិកម្ពុជា កែវ សុខសិលា បានទម្លាយការពិត ជុំវិញការបង្ហាញខ្លួនបានត្រឹម ១ប្រកួតជាមួយក្រុមជម្រើសជាតិ U22 កម្ពុជា ក្នុងយុទ្ធនាការប្រកួតពានរង្វាន់ AFF U22 Championship 2019 កាលពីពេលថ្មីៗហើយ ដោយសារគ្រូបង្វឹកលោក Felix Dalmas ចង់ផ្ដល់ឱកាសដល់កីឡាករវ័យក្មេងៗច្រើនជាងខ្លួន។

គួរបញ្ជាក់ថា ក្នុងនាមជាម្ចាស់ផ្ទះពាន AFF U22 កាលពីថ្មីៗ ក្នុងចំណោម ៥ប្រកួត កីឡាករ កែវ សុខសិលា បានបង្ហាញខ្លួនត្រឹម ១ប្រកួតប៉ុណ្ណោះ ពេលក្រុម U22 កម្ពុជា ចាញ់ឥណ្ឌូនេស៊ី ២-០ ខណៈកីឡាករ ហ៊ុល គឹមហ៊ុយ របស់បឹងកេត បានរួមចំណែកជួយក្រុម ៣ប្រកួត និងអ្នកចាំទីវ័យក្មេង សាវែង សំណាង ត្រូវបានលោក Felix ដាក់ឲ្យលេង ១ប្រកួតចុងក្រោយចាញ់ U22 វៀតណាម ១-០ ក្នុងជំនួបដណ្ដើមលេខ៣។

សមាជិកក្រុមវិសាខារូបនេះ បាននិយាយថា៖ «សម្រាប់ខ្ញុំអត់អីទេ សំខាន់គឺជាការសម្រេចចិត្តរបស់គ្រូ តែតាមពិតទៅ យើងនៅមានឱកាសច្រើន ហើយលោកគ្រូ(Felix) គាត់ក៏បានប្រាប់ខ្ញុំដែរថា ពានហ្នឹង(AFF U22) គាត់ចង់ផ្ដល់ឱកាសឲ្យក្មេងៗ បង្ហាញសមត្ថភាពបានច្រើន ឯខ្ញុំ គាត់ប្រាប់ឲ្យត្រៀមពានច្រើន ដូចជា AFC U23 និងស៊ីហ្គេមជាដើម ចឹងហើយបានគាត់សម្រេចចិត្តមិនដាក់ឲ្យខ្ញុំលេងច្រើន»

យ៉ាងណាមិញ សិលា ក៏បានទទួលស្គាល់ រាល់ការលេងក្នុងស្រុក ខ្លួនមិនសូវបានបង្ហាញខ្លួនដែរ ទោះលេងជម្រើសជាតិក្រុមធំក៏ដោយ ។ សិលា បន្ថែមថា៖ «និយាយពីការប្រកួតអន្ដរជាតិ លេងក្នុងដី ខ្ញុំអត់សូវបានលេង ។ ខ្ញុំអត់សូវបានជាប់ឈុតយុវជនពីមុន ដូចជា U16 និង U18 អីទេ ចឹងខ្ញុំអត់សូវផ្សុាំនឹងទីលាន និងការលេងក្នុងស្រុក ។ និយាយរួមទៅ យើងឧស្សាហ៍បានជាប់ក្រុមធំ តែអត់សូវបានលេង ។ ដូច្នេះខ្ញុំត្រូវពង្រឹងខ្លួនឯង ពិសេសការលេងជើងតែម្ដង»

ប៉ុន្ដែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល កាលពីល្ងាចមិញ មិនតែថា កែវ សុខសិលា នោះទេ គឺសមាជិកក្រុម U22 កម្ពុជាទាំងអស់ ដែលទើបដណ្ដើមបានចំណាត់ថ្នាក់លេខ៤ និងពាន Fair-Play នៃពាន AFF U22 កាលពីថ្មីៗ សុទ្ធតែបានជាប់ក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀមប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិបង់ក្លាដេសទាំងអស់ ។ ដូច្នេះគេនៅតែទន្ទឹង ចាំមើលការសម្រេចចិត្តរបស់លោក Felix តើនឹងដាក់ សិលា ឬ គឹមហ៊ុយ ឬ សំណាង ឲ្យក្នុងជំនួបមិត្តភាព នាថ្ងៃទី០៩ ខែមីនាខាងមុខនេះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់