សំបុត្រទស្សនាគោព្រៃកម្ពុជា ប៉ះបង់ក្លាដេស ដាក់លក់ចាប់ពីថ្ងៃនេះ

មាស សុផាណារ៉ុង March 2, 2019


 

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសលក់សំបុត្រចូលទស្សនាជំនួបមិត្តភាពអន្ដរជាតិ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិបង់ក្លាដេស នៅថ្ងៃទី០២ ខែមីនានេះហើយ ខណៈការប្រកួតនឹងធ្វើឡើង នាថ្ងៃទី០៩ ខែមីនាសប្ដាហ៍ក្រោយ នៅលើទីលានពហុកីឡដ្ឋានជាតិ។

សម្រាប់សំបុត្រចូលទស្សនាជំនួបមិត្តភាព ដែលខកខានជួបគ្នា ១ទសវត្ស គឺរក្សាតម្លៃ ១០,០០០រៀល និង ៥,០០០រៀល ដូចសព្វដងដដែល។ ប៉ុន្ដែសម្រាប់អ្នកគាំទ្រ ដែលមិនបានចូលរួមទស្សនាផ្ទាល់ ក៏អាចទស្សនាលើកញ្ចក់ទូរទស្សន៍ BTV-News ដែលទទួលបានសិទ្ធផ្សាយផ្ទាល់ការប្រកួតមិត្តភាពនេះផងដែរ។

គួរបញ្ជាក់ថា កីឡាករក្រុមគោព្រៃកម្ពុជា ត្រៀមជួបក្រុមជម្រើសជាតិបង់ក្លាដេសសប្ដាហ៍ក្រោយ សុទ្ធសឹងតែជាសមាជិករបស់ក្រុម U22 កម្ពុជា ដែលទើបបញ្ចប់ការប្រកួតពានរង្វាន់ AFF U22 Championship 2019 កាលពីពេលថ្មីៗ លើកលែងតែកីឡាករ កាន់ ពិសាល មកពីក្រសួងការពារជាតិ និងកីឡាករ សាន គឹមហេង មកពីវិសាខាប៉ុណ្ណោះ ដែលត្រូវបានលោក Felix Dalmas កោះហៅបន្ថែម ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ បុត្រា

មតិយោបល់