Ugochukwu Obi ត្រលប់មកកម្ពុជា វិញចូលរួមជាមួយ ក្រសួងការពារជាតិ

មាស សុផាណារ៉ុង March 1, 2019


 

ភ្នំពេញ៖ អតីតខ្សែប្រយុទ្ធបទពិសោធន៍ពេញលីគកំពូលកម្ពុជា កីឡាករ Ugochukwu Obi បានត្រលប់មកកម្ពុជា សារជាថ្មីនិងចូលរួមជាមួយក្លឹបបាល់ទាត់ ក្រសួងការពារជាតិ ( ទ័ព ) ដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០១៩ នេះ។

ការមកដល់របស់ Ugochukwu Obi គឺជាសមាជិកបរទេសទី៤ និងចុងក្រោយសម្រាប់កីឡាករក្រៅពីសញ្ជាតិអាស៊ី ដែលក្លឹបបាននាំមកសម្រាប់រដូវកាល២០១៩នេះ បន្ទាប់ពីសញ្ជាតិអេហ្ស៊ីប Mohamed Hamza កីឡាករសញ្ជាតិនីហ្សេរីយ៉ា ២រូប Bisan George និង Dzarma Bata ដែលសុទ្ធសឹងតែជាកីឡាករបទពិសោធន៍ជោគជាំនៅលីគកំពូលកម្ពុជា។

គួររំលឹកថា កីឡាករសញ្ជាតិនីហ្សេរីយ៉ា រូបនេះបានចាប់ផ្ដើមប្រកបអាជីពនៅលីគកំពូលកម្ពុជា នាឆ្នាំ២០១៥ តាមរយៈការចូលរួមជាមួយក្លឹបអាស៊ីអឺរ៉ុបយូណាយធីត មុននឹងផ្លាស់មកចូលរួមជាមួយ ព្រះខ័នរាជស្វាយរៀង នៅឆ្នាំ២០១៦ និង២០១៧ ខណៈឆ្នាំកន្លងទៅប្រកបអាជីពជាមួយក្រុមពាក់កណ្ដាលអាជីពនៅវៀតណាម។

សម្រាប់ក្រសួងការពារជាតិ មកទល់ពេលនេះបានបំពេញកូតាកីឡាករបរទេសបាន ៤រូបហើយ ដោយនៅខ្វះមួយរូបទៀត ខណៈកីឡាករមួយរូបចុងក្រោយនេះដាច់ខាតត្រូវតែជាកីឡាករជនជាតិអាស៊ី ដើម្បីស្របតាមលក្ខខណ្ឌនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា៕

 

រូបភាព៖ Metfone Cambodian League

អត្ថបទ៖ ណារ៉ុង

មតិយោបល់