Felix Dalmas៖ សមាជិក U-22 កម្ពុជា ១០០ភាគរយនឹងនៅតែមានឱកាសជាប់ U-23 ត្រៀមប្រកួតចុងខែមីនានេះ

មាស សុផាណារ៉ុង March 1, 2019


 

ភ្នំពេញ៖ គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា និងជាគ្រូដែលទទួលភារកិច្ចដឹលនាំក្រុមឈុតយុវជនអាយុក្រោម២២ និង២៣ឆ្នាំ ផងដែរនោះ លោក Felix Dalmas បានថ្លែងប្រាប់ថា កីឡាករដែលជាសមាជិក U-22 កម្ពុជា ដែលទើបតែបញ្ចប់យុទ្ធនាការប្រកួតក្នុងពាន AFF U22 LG Cup កាលពីពេលថ្មីៗនេះ នៅតែមានឱកាសជាមួយ U-23 ដើម្បីត្រៀមប្រកួតចុងខែមីនានេះ។

តាមគម្រោង កម្ពុជា នឹងមានភារកិច្ចថ្មីមួយទៀត សម្រាប់ឈុតយុវជនដដែលតែកើនតួរលេខអាយុ ១ឆ្នាំ ពោលគឺពីអាយុក្រោម២២ឆ្នាំ ទៅអាយុក្រោម២៣ឆ្នាំ ក្នុងពានរង្វាន់ជើងឯកយុវជនប្រចាំទ្វីបអាស៊ី វគ្គជម្រុះ ឆ្នាំ២០២០ ( 2020 AFC U-23 Championship qualification ) ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះប្រចាំពូល F ជាមួយប្រទេសចំនួន ៣ផ្សេងទៀត រួមមាន កូរ៉េខាងត្បូង, អូស្ត្រាលី និង ឆាយនីសតៃប៊ិ។

លក្ខណៈបែបនេះ គឺប្រាកដថានឹងមានកីឡាករភាគច្រើនពី U-22 ត្បិតកីឡាករមួយចំនួនធំ ដែលនៅឈុតធំគឺបានផុតអាយុស្ទើរទាំងអស់ ស្របពេលដែលគ្រូបង្វឹក លោក Felix Dalmas ក៏បានលើកឡើងយ៉ាងខ្លីថា៖ «១០០ភាគរយ គឺទាំងអស់គ្នា គេទាំងអស់នៅតែមានឱកាស ពិតណាស់ ជាពិសេសនូវអ្វីដែលគេបានបង្ហាញ។»

សូមបញ្ជាក់ថា កម្ពុជា ដែលត្រូវទទួលធ្វើជាម្ចាសផ្ទះការប្រកួតពាន រង្វាន់ជើងឯកយុវជនប្រចាំទ្វីបអាស៊ី វគ្គជម្រុះ ឆ្នាំ២០២០ ( 2020 AFC U-23 Championship qualification ) គឺគ្រោងនឹងធ្វើឡើងនៅពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ដើម្បីដណ្ដើមកៅអីទៅជុំផ្ដាច់ព្រ័ត្រ ដែលគ្រោងនឹងធ្វើនៅប្រទេសថៃ នាដើមឆ្នាំ២០២០ ខាងមុខ សម្រាប់ប្រជែងឱកាសបន្តទៀតទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ( 2020 Summer Olympic ) ដែលជប៉ុនធ្វើម្ចាស់ផ្ទះ នៅពាក់កណ្ដាលឆ្នាំ២០២០៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់