ក្រសួងការពារជាតិ ផ្លាស់ប្ដូរកីឡាករទ្រង់ទ្រាយធំ ដើម្បីត្រៀមរដូវកាលថ្មី

មាស សុផាណារ៉ុង February 28, 2019


 

ភ្នំពេញ៖ លោក ទេព ឡុងរចនា អ្នកចាត់ការទូទៅក្លឹបក្រសួងការពារជាតិ (ទ័ព) បានឲ្យដឹងថា ក្លឹបបានធ្វើការផ្លាស់ប្ដូរកីឡាករជាច្រើន សម្រាប់ការត្រៀមរដូវកាលថ្មីខាងមុខ ដោយបញ្ចូលយុវជនប្រមាណ ៤០% ដើម្បីជំនួសកៅអីរាមច្បង ក្រោយមានការចាកចេញ និងការធ្លាក់ទម្រង់លេងជាដើម។

បុរសធ្លាប់ដឹកនាំក្រសួងការពារជាតិ ឈ្នះជើងឯករងលីគកំពូលកម្ពុជា ២ឆ្នាំជាប់គ្នា កាលពីឆ្នាំ២០១៦-២០១៧ រូបនេះ បានអះអាងថា «ឆ្នាំនេះក្លឹបរបស់យើង បានបញ្ចូលយុវជនប្រហែល ៤០% ដើម្បីបំពេញបន្ថែម ដោយសារកីឡករមួយចំនួន វ័យរាងចាស់ ខ្លះធ្លាក់សមត្ថភាព ហើយខ្លះបានចេញទៅលេងឲ្យក្លឹបផ្សេង។» ប៉ុន្ដែទោះបីទ័ពប្រកាសធ្វើការផ្លាស់ប្ដូរទ្រង់ទ្រាយធំក្ដី ក៏លោកមិនបារម្ភ ក្នុងការស្វែងរកចំណាត់ថ្នាក់ល្អ នារដូវកាលថ្មីដែរ។

លោក ទេព ឡុងរចនា បានបន្ដថា «អ្វីដែលយើងបានត្រៀមនេះ ខ្ញុំជឿថា ក្លឹបយើងមិនអាចធ្លាក់ទៅក្រោមទេ គឺយើងអាចឈរក្នុងកម្រិតណាមួយ ដែលអាចប្រហាក់ប្រហែល ឬល្អប្រសើរជាងឆ្នាំមុន។» ការអះអាងរបស់អតីតគ្រូបង្វឹកក្រុមគិរីវង់សុខសែនជ័យរូបនេះ ដោយសារលើជឿជាក់លើសមត្ថភាពកីឡាករយុវជន ដែលជាថ្នាលបណ្ដុះបណ្ដាលដោយក្លឹបផ្ទាល់ ហើយមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីជួយក្លឹបនារដូវកាលថ្មី ទាំងការប្រកួតលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៣ ឆ្នាំ២០១៩។

 

គួរបញ្ជាក់ថា កាលពីរដូវកាលមុន ក្រោមការដឹកនាំរបស់ លោក ភា សុភ័ក្ដ្រា ក្រុមក្រសួងការពារជាតិ បានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៤ នៃលីគកំពូលកម្ពុជា តែបានលើកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១២ ។ ប៉ុន្ដែរដូវកាលថ្មីនេះ អ្នកចាត់ការទូទៅខាងលើ មានជំនឿចិត្តថា ការពារជាតិ នឹងធ្វើបានកាន់តែល្អប្រសើរថែមទៀត៕

 

អត្ថបទ៖ បុត្រា

មតិយោបល់